(ត្បូងឃ្មុំ)៖ ព្រះវិហារចាស់ទ្រុឌទ្រោមនៅក្នុងវត្តបុទុមព្រឹក្ស ហៅវត្តពពេល ស្ថិតក្នុងភូមិពពេល ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានវាយចោល និងជំនួសមកវិញដោយព្រះវិហារថ្មី ក្រោមការផ្តួចផ្តើមសាងសង់ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងលោកស្រី។

ការដ្ឋានសាងសង់ព្រះវិហារថ្មីវត្តបុទុមព្រឹក្ស ហៅវត្តពពេលនេះ ត្រូវបានធ្វើពិធីក្រុងពិលីបញ្ចុះបឋមសីលាបើកការសាងសង់ជាផ្លូវការនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទៅតាមទំនៀមទម្លាប់ ក្រោមការចូលរួមពីលោករដ្ឋមន្ត្រី វង សូត និងលោកស្រី និងលោកតំណាងរាស្ត្រ កែវ ពិសិដ្ឋ និងលោកស្រី ជាតំណាងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន។ ព្រះវិហារថ្មីនេះគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលមិនដល់មួយឆ្នាំផង ពោលគឺឱ្យរួចរាល់នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយនឹងចំណាយបច្ច័យប្រមាណ១ពាន់លានរៀល។

លោករដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា ព្រះវិហារចាស់មានភាពទ្រុឌទ្រោមណាស់ទៅហើយ អាចបាក់ធ្លាក់ត្រង់កន្លែងណាមួយបង្កការគ្រោះថ្នាក់ដល់មនុស្ស ម្យ៉ាងវិញទៀតតាមការពិនិត្យជាក់ស្តែងគឺមិនអាចប្រើប្រាស់បានទៀតទេ ទើបសម្រេចវាយចោលធ្វើថ្មី។

លោកបានបន្តថា ព្រះវិហារគឺជាសមិទ្ធផលធំណាស់សម្រាប់វិស័យព្រះពុទ្ធសាសនា វត្តមិនអាចអត់ព្រះវិហារបានទេ អញ្ចឹងហើយទើបបានជាពុទ្ធបរិស័ទគ្រប់ជំនាន់រមែងខ្នះខ្នែងរួបរួមកម្លាំងសាមគ្គីគ្នាក្នុងការប្រមូលបច្ច័យកសាងព្រះវិហារនៅតាមទីអារាមវត្តនៅទូទាំងប្រទេស ដោយការកសាងព្រះវិហារពីជំនាន់មុនត្រូវចំណាយពេលជាច្រើនឆ្នាំ វត្តខ្លះឆ្លងកាត់ព្រះគ្រូចៅអធិការបីបួនអង្គក៏មាន តែសម័យឥឡូវមិនដូច្នោះទៀតទេ គឺអាចមានលទ្ធភាពកសាងបានលឿន អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ ស្ថានភាពជីវភាពគ្រួសារពលរដ្ឋមួយចំនួនធំធូរធា ដែលអាចឱ្យការប្រមូលបច្ច័យសម្រាប់ការកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តប្រព្រឹត្តទៅបានលឿននិងឆាប់រហ័ស៕