(កំពង់ធំ)៖ សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង មានទីតាំងស្ថិតនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ទទួលបានអគារសិក្សាថ្មីមួយខ្នង និង៣បន្ទប់ ជាអំណោយរបស់លោកបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និងលោកស្រី ខៀវណា បន្ទាប់ពីមើលឃើញពី ការខ្វះខាតថ្នាក់ សម្រាប់ការសិក្សារបស់សិស្សនុសិស្សនៅទីនោះ។

ការប្រកាសជួយកសាងអគារថ្មីមួយខ្នង និង៣បន្ទប់ជូនដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំងរបស់លោកបណ្ឌិត ជា ចាន់តូ ធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារ នៅខេត្តកំពង់ធំ។

លោកបណ្ឌិត ជា ចាន់តូ ក៏បានទៅពិនិត្យស្ថានភាពទូទៅរបស់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំងផងដែរ។ បន្ទាប់ពីបានស្ដាប់ការបញ្ជាក់ ពីនាយក និងលោកគ្រូអ្នកគ្រូពីស្ថានភាពការសិក្សារបស់ក្មួយៗសិស្សានុសិស្ស ពិសេសការខ្វះថ្នាក់រៀនរបស់សិស្សានុសិស្សភ្លាម លោកមបណ្ឌិត ជា ចាន់តូ ក៏បានឆ្លើយតបជាបន្ទាន់ ចំពោះតម្រូវការដ៏ចាំបាច់មួយនេះភ្លាមៗដែរដោយបានប្រកាស ជួយកសាងអគារថ្មីមួយខ្នង៣បន្ទាប់សង់ពីថ្មប្រក់ក្បឿង ជូនសាលាបឋមសិក្សាឯក អេមសង់ឃ្លាំង ដើម្បីឲ្យសិស្សានុសិស្សមានថ្នាក់រៀនគ្រប់គ្រាន់ និងសមរម្យផងដែរ។

តាមការបញ្ជាក់ពីលោក ឯក ប្រុស ទទួលម៉ៅការសាងសង់អគារបានឲ្យដឹងថា អគារសិក្សាថ្មីនេះនឹងត្រូវចាប់ផ្ដើមសាងសង់ ក្នុងខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីឲ្យសិស្សបានចូលរៀនទាន់ពេលនាបវេសនកាលថ្មីខាងមុខនេះ។

ទោះបីមានការអះអាងពី អ្នកទទួលម៉ៅការសាងសង់យ៉ាងណាក៏ដោយលោកបណ្ឌិត ជា ចាន់តូ នៅតែក្រើនរំលឹកឲ្យមានការទទួលខុសខ្ពស់ ចំពោះការងារមួយនេះធ្វើយ៉ាងណាឲ្យបានលឿន និងគោរពឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដោយធានាឲ្យបានទាំងគុណភាព និងសោភណ្ឌភាព។

សូមបញ្ជាក់ថា សាលាបឋមសិក្សាឯក អេមសង់ឃ្លាំង នេះបច្ចុប្បន្នមានអាគារតែមួយខ្នង និង៥បន្ទប់ប៉ុណ្ណោះ ដែលកសាងឡើងដោយមហាឧបាសិកា
ឯក អេម នាឆ្នាំ២០១០៕