(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។

សម្តេចបានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ។ ពិនិត្យកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ស្វែងយល់ពីទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយសំណូមពររបស់ប្រជាជន បន្តជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សជូនគណបក្សប្រជាជនកម្ពុជា។

ប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ខេត្ត និងការផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញកាលថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរគណបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២។

នៅខេត្តត្បូងឃ្មុំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានដំណើរការ មិនខុសពីស្ថានភាពរួមនៃដំណើរការបោះឆ្នោតក្នុងទូទាំងប្រទេសនោះទេ ពោលគឺបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែងឡើយ។ ប្រជាពលរដ្ឋច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗប្រកបដោយភាពថ្លៃថ្នូរសប្បាយរីករាយតាមឆន្ទៈ ដើម្បីជ្រើសរើសតំណាង ឱ្យបន្តដឹកនាំនៅឃុំ សង្កាត់ និងមូលដ្ឋានរបស់ខ្លួនសម្រាប់អាណត្តិ៥ឆ្នាំបន្ត។ ប្រការនេះបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ លទ្ធផលនៃដំណើរការបោះឆ្នោតសម្រាប់ខេត្តត្បូងឃ្មុំគឺ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន៤៣២ នៃអាសនៈសរុប៥៣៦ ស្មើនឹង៨០,៥៩% និងទទួលបានតំណែងមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងទូទាំងខេត្ត ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំផងនោះបានវាយតម្លៃលទ្ធផលនេះបានបង្ហាញឱ្យឃើញច្បាស់ពីជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងក្របខណ្ឌខេត្តដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅរកជ័យជំនះថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ។

សម្តេចបានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលវត្តមាននៅទីនេះក៏ដូចជាមន្រ្តីយើងទាំងអស់ ដែលនៅក្នុងក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ពិសេសថ្នាក់ឃុំ សង្កាត់ និងភូមិ ក្នុងទូទាំងខេត្តដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសំភារៈ ខិតខំបំពេញភារកិច្ច ដែលគណៈអចិន្រ្តៃយ៍បានដាក់ចេញក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រហូតសម្រេចបាននូវជ័យជំនះដ៏ធំធេងជូនគណបក្ស សម្រាប់ជាមូលដ្ឋានគ្រឹះឆ្ពោះទៅដណ្តើមជោគជ័យ បន្តទៀតនាពេលខាងមុខ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តនេះ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចមួយចំនួនដូចខាងក្រោម ៖ ការពារដាច់ខាតសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ បន្តជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងការអនុវតន៍វិធានការសុខភាពនានា ដើម្បីបង្កើនភាពសុំាក្នុងសហគម រាំងស្កាត់ការឆ្លងរាលដាលជាថ្មីនៃជំងឺនេះ ជំរុញការអនុវត្តក្របខណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីស្តារ និង កំណើនជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ ជំរុញការអភិវឌ្ឍគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អឆាប់រហ័ស បន្តអនុវត្តន៍គោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ ជាដើម៕