(កោះកុង)៖ ដើម្បីលើកស្ទួយផ្នែកវិស័យកីឡាឱ្យមានភាពរីកចម្រើន និងដើម្បីសុខភាពបង្កើនមិត្ត អយ្យការអមសាលាដំបូងខេត្តកោះកុងបានរៀបចំការប្រកួតកីឡាបាល់ទាត់ក្នុងលក្ខណមិត្តភាព និងដកស្រង់បច្ចេកទេសរវាងកីឡាករសាលាដំបូងខេត្តកោះកុងជាមួយកីឡាករមកខេត្តបាត់ដំបង។

ការប្រកួតកីឡាបាល់ទាត់ក្នុងលក្ខណមិត្តភាពនេះធ្វើឡើងនារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងនោះកីឡាករដែលមកពីខេត្តបាត់ដំបងដឹកនាំដោយ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រីឯកីឡាករសាលាដំបូងខេត្តកោះកុងដឹកនាំដោយ លោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង និងជាប្រធានក្រុមការងារចុះជួយភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួមនឹងលោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកោះកុង និងជាអនុប្រធានក្រុមការងារចុះជួយភូមិជ្រៃជើង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

មុនការប្រកួត លោក រស់ សារាំ បានគ្រោនរំលឹកដល់ក្រុមកីឡាករថា ពួកគេគឺជាទំពាំងស្នងឫស្សីសម្រាប់អនាគតនៃប្រទេសជាតិ ដើម្បីឲ្យប្រទេសជាតិមានសន្តិភាព មានសេរីភាពមានស្ថិរភាពមានភាពរីកចម្រើន មានធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេស និងដើម្បីប្រជាពលរដ្ឋ យុវជនត្រូវខិតខំសិក្សាក្រេបចំណេះវិជ្ជាពីសាស្រ្តាចារ្យដែលលោកបានផ្តល់ចំណេះដឹងឲ្យពួកគេរាល់ថ្ងៃនេះ ចំណេះវិជ្ជាគឺទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ហើយក៏មិនអាចបាត់បង់បានដែរ។ ដូច្នេះអ្វីដែលសំខាន់យុវជនត្រូវយកការសិក្សាជាចម្បង ហើយក្រោយពីផុតម៉ោងសិក្សាពួកគេត្រូចូលរួមហាត់កីឡាឲ្យបានគ្រប់ៗគ្នា មិនថាកីឡាប្រភេទអ្វីនោះទេ ពីព្រោះកីឡានាំមកសុខភាព បង្កើនមិត្ត ចេះស្រលាញ់សាមគ្គីគ្នា ពិភាក្សាគ្នាពិគ្រោះយោបល់គ្នាពីនេះពីនោះដោយមិនប្រកាន់វណ្ណៈ។

លោក រស់ សារាំ បានបន្តថា យុវជនក្នុងវ័យសិក្សាត្រូវជៀសឲ្យផុតពីគ្រឿងញៀន ពីព្រោះគ្រឿងញៀនវាធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម ខូចអនាគតរបស់យុវជនបាត់បង់ធនធានមនុស្សទៀតផង។

លោកបានបន្ថែមថា បើយុវជនមានចំណេះវិជ្ជាច្បាស់លាស់ ពួកគេអាចចូលបម្រើការងាររដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយមានអនាគតល្អទៅថ្ងៃមុខ ពីព្រោះក្នុងស្ថាប័ននីមួយៗសម្រាប់យុវជនទាំងអស់ ខណៈមន្ត្រីចាស់ដល់អាយុកាលគាត់ចូលនិវត្តន៍ ដូច្នេះមានតែយុវជនជំនាន់ថ្មីទេជាទំពាំស្នងឫស្សីស្នងពីព្រឹទ្ធាចារ្យ ហើយយុវជនគឺជាទំពាំងឫស្សីសម្រាប់អនាគត់នៃប្រទេសជាតិទៅថ្ងៃមុខ។

ក្នុងឱកាសនេះដែរ លោកព្រះរាជអាជ្ញាបាននាំក្រុមកីឡាករមើលកន្លែងធ្វើការ ហើយពន្យល់ផ្នែកវិស័យច្បាប់លើប្រព័ន្ធតុលាការទៀតផង ដើម្បីយល់ដឹងកាន់តែច្បាស់នូវប្រព័ន្ធច្បាប់។ ក្រោយពីបញ្ចប់ការប្រកួតកីឡាលក្ខណមិត្តភាព ពួកគេក៏បានទទួលទានអាហាសាមគ្គីដោយក្តីរីករាយ៕