(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា គោលនយោបាយច្បាស់លាស់ប្រាកដប្រជារបស់គណបក្សប្រជាជនកម្ពុជាជាចក្ខុវិស័យវែងឆ្ងាយ ដែលធ្វើឱ្យកម្ពុជាកាន់តែឈានឆ្ពោះរីកចម្រើនទៅមុខ។

លោក ជា អឿងអ្នកតំណាងរាស្ត្រថ្លែងយ៉ាងដូច្នេះក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។

លោកបានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ និងស័ក្តិសមបំផុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។ ជាក់ស្តែង ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការច្បាស់លាស់ក្នុងការបង្ការទប់ស្កាត់នូវការរីករាយដាលនៃជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវគោលនយោបាយចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋទូទាំងប្រទេស ហើយបានដឹកនាំនាវាកម្ពុជាឆ្លងផុតពីគ្រោះមហន្តរាយមួយនេះយ៉ាងជោគជ័យ ជាមួយនឹងការបើកដំណើរការប្រទេសជាតិ សង្គម និងសេដ្ឋកិច្ចឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។

លោកបន្តទៀតថា គោលនយោបាយជាអាទិភាពសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័សជាមួយនឹងកិត្យានុភាព កិត្តិយស រដ្ឋឯករាជ្យ អធិបតេយ្យមួយនៅក្នុងតំបន់និងអន្តរជាតិ។

ក្នុងនោះដែរ លោកបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីរបស់សមាជិក-សមាជិកា គណបក្សទាំងអស់ក្នុងអំឡុងពេលមុនបោះឆ្នោតពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កន្លងទៅ ដែលបានខិតខំប្រឹងប្រែងសហការសម្របសម្រួលសព្វបែបយ៉ាងធ្វើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត្យ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។

លោក ជា អឿង បានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈគ្នានៅតាមឃុំភូមិ ហើយត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានឲ្យបានទាន់ពេលវេលា ហើយក្រុមការងារត្រូវពិនិត្យលើរចនាសម្ព័ន្ធរបស់ឃុំឡើងវិញ ពិនិត្យលើបច្ចុប្បន្នភាពភូមិ ពិនិត្យលើរបាយការណ៌លើបញ្ហាប្រឈម និងកង្វះខាតដើម្បីរកដំណោះស្រាយ ចុះស្រង់ការធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ និងជួយផ្សព្វផ្សាយឲ្យទៅចុះឈ្មោះបោះឆ្នោតនៅពេលខាងមុខឲ្យបានគ្រប់គ្នា និងធ្វើអំពើល្អជាគំរូល្អដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋជឿទុកចិត្ត ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់៕