(ភ្នំពេញ)៖ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឱ្យក្រុមគ្រួសារទាំងមូល គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមានចិត្តដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូប ដែលបានចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំ ក្នុងក្រុមគ្រួសាររបស់លោកដែលបានបាត់បង់មហាឧបាសិកា អ៊ូ វាសនា ជាភរិយា ជាម្តាយ និងជីដូនប្រកបដោយក្តីគោរពស្រឡាញ់។

ក្នុងសារលិខិតថ្លែងអំណរគុណធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ លោក សូ ម៉ារ៉ា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក តាមរយៈសារលិខិតរំលែកទុក្ខ និងអញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងបានចូលរួមពិធីបុណ្យបូជាសព និងបុណ្យ ៧ថ្ងៃ មហាឧបាសិកា អ៊ូ វាសនា ត្រូវជាភរិយា ម្តាយ បង្កើត ម្តាយក្មេក និងជីដូនជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ។

ក្នុងសារលិខិតថ្លែងអំណរគុណនេះ លោក សូ ម៉ារ៉ា ក៏បានសូមថ្លែងអំណរគុណដល់ក្រុមការងាររៀបចំបុណ្យសព បងប្អូនញាតិមិត្តជិតឆ្ញាយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ចូលរួមជួយរៀបចំពិធីបុណ្យសព បូជាសព និងបុណ្យ ៧ថ្ងៃ ប្រព្រឹត្តទៅដោយរលូនតាមប្រពៃណីព្រះពុទ្ធសាសនា។

តាងនាមក្រុមគ្រួសារសពទាំងមូល លោក សូ ម៉ារ៉ា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវមហាប្រសើរ ថ្វាយសម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងសមប្រកបដោយពរទាំ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា មហាឧបាសិកា អ៊ូ វាសនា បានទទួលមរណភាព នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០៖៣៥នាទី ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់មហាឧបាសិកា អ៊ូ វាសនា បាននាំមកនូវក្តីក្រៀមក្រំអាឡោះអាល័យជាពន់ពេកពីស្វាមី កូនប្រុស-ស្រី និងចៅៗ។ ជាមួយគ្នានេះ គេក៏បានឃើញថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការតាមក្រសួងស្ថាប័ននានា សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខដ៏សែនក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពផងដែរ។

ជាកិត្តិយសដ៏ឧត្តុង្គឧត្តមផងដែរ សម្រាប់ក្រុមគ្រួសារសពទាំងមូល ដោយទទួលបានការសណ្តោសប្រណី និងក្តីស្រឡាញ់ជ្រាលជ្រៅពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ព្រះអគ្គីបូជាសពមហាឧបាសិកា អ៊ូ វាសនា៕