(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ បានលើកឡើងថា ជ័យជំនះនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កើតចេញពីការខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ នារសៀលថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលម៉ូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

កិច្ចប្រជុំខាងលើក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ សង្កាត់ទាំង៧ អនុប្រធានក្រុមការងារខណ្ឌ ប្រធាន អនុប្រធានក្រុមការងារតាមសង្កាត់ និងសមាជិកគណបក្សតាមបណ្តាសង្កាត់ទាំង៧ សរុបចំនួន ជាង៣០០នាក់ ផងដែរ។

បន្ទាប់ពីលោក ឯក ឃុនឌឿន ប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សរួចមក ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងបញ្ជាក់បន្ថែមពីខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងចំណុចសំខាន់ៗ មួយចំនួនដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ។

លោកបណ្ឌិត ក៏បានគូសបញ្ជាក់ពីសភាពការណ៍ទូទៅដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួនពីសំណាក់ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំមូលដ្ឋាន។ ជាមួយនឹងតួនាទីរបស់យុវជន បានក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់បងប្អូនកម្មករនិយោជិត ក៏រឹតតែធ្វើឲ្យគណបក្សមានប្រជាប្រិយភាពទទួលបានការគាំទ្រកាន់តែខ្លាំង។

នាឱកាសនោះ លោកបណ្ឌិត ក៏បានកោតសរសើរដល់ ប្រធាន អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ សង្កាត់ទាំង៧ អនុប្រធានក្រុមការងារខណ្ឌ ប្រធាន អនុប្រធានក្រុមការងារតាមសង្កាត់ និងសមាជិកគណបក្សតាមបណ្តាសង្កាត់ទាំង៧ ដែលបានបំពេញតួនាទី កាតព្វកិច្ចដោយការទទួលខុសត្រូវបំផុត ក្នុងការបម្រើសេវាកម្មល្អដល់ប្រជាពលរដ្ឋ ដូចជាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កន្លងមក។

ជាមួយគ្នានោះ លោកបណ្ឌិត បានណែនាំដល់អង្គពិធីទាំងមូល ឲ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំសុខភាព បន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងប្រញាប់ប្រញាល់ទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ដូស ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា និងជាពិសេសអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។

ជាចុងបញ្ចប់ លោកបណ្ឌិត ក៏បានជំរុញដល់ប្រធាន អនុប្រធានសមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សខណ្ឌ សង្កាត់ទាំង៧ អនុប្រធានក្រុមការងារខណ្ឌ ប្រធាន អនុប្រធានក្រុមការងារតាមសង្កាត់ និងសមាជិកគណបក្សតាមបណ្តាសង្កាត់ទាំង៧ ទាំងអស់ឲ្យបន្តរក្សាសាមគ្គីភាព និងសូមឲ្យបន្តយកចិត្តទុកដាក់ ក្នុងការបម្រើដល់ប្រជាពលរដ្ឋឲ្យល្អ ដើម្បីបន្តទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ជូនដែរថា សន្និបាតគណៈកម្មាធិការវិសាមញ្ញនៃ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា៕