(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកគណៈអចិន្ដ្រៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សប្រមាណ៥៣៥នាក់ ខេត្តកំពង់ធំ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយនេះ លោក ជា ចាន់តូ បានលើកយក និងអានជូននូវខ្លឹមសារមួយចំនួននៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញជូនដល់ សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំផងដែរ។

លោក ជា ចាន់តូ បានលើកឡើងថា ជ័យជម្នះយ៉ាងត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា បានសបញ្ជាក់ ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលអាចវាយតម្លៃបានថាប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួន មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួន ទោះបីជាក្រុមទាំងនោះប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។

លោកបានបន្ថែមថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏ធំធេង ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្ស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ។

ក្នុងឱកាសនោះលោក ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអានសេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់អង្គពិធី និងសមាជិក សមាជិកការគណៈបក្សប្រជាជនកម្ពុជា។

ក្នុងនោះលោក ញឹក បានខេង ក៏បានអានអានរបាយការស្ដីពី បានអានរបាយការណ៍ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ និងទិសដៅការងារឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣៕