(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដកំពង់ចាម បានថ្លែងថាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ជាប្រធាន បានដឹកនាំប្រទេស ឱ្យមានការអភិវឌ្ឍ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានឆន្ទៈមោះមុតបន្តផ្តោត លើការជំរុញនាវាកម្ពុជាឱ្យធ្វើដំណើរទៅមុខជារៀងរហូត បើទោះបីជួបបញ្ហាប្រឈម មួយចំនួនក៏ដោយ។

ជាក់ស្តែង បើទោះបីជាមានការរាតត្បាតសាកលនៃជំងឺកូវីដ១៩ ក៏ក្នុងរយៈពេល២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានខិតខំតស៊ូយកឈ្នះគ្រោះនៃវិបត្តិនេះ ការពារអាយុជីវិតប្រជាជន រហូតទទួលបានជោគជ័យ និងមានការអបអរសាទរពីសហគមអន្តរជាតិ ដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។

លើសពីនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពសង្គម ធ្វើអំពើល្អ ដឹកនាំល្អ កសាងស្នាដៃ និងសមិទ្ធផលជាក់ស្តែងជាច្រើនជូនប្រជាពលរដ្ឋ ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជនផងដែរ និងសប្បុរសជនផ្សេងៗទៀតបានបរិច្ចាគ ធនធានជាច្រើន ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយនឹងរាជរដ្ឋាភិបាល ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។ល។

ការថ្លែងដូច្នេះរបស់ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ទើបជាប់អាណត្ដិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ នាស្នាក់ការបក្សប្រជាជនស្រុកជើងព្រៃ ដែលមានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ដ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដ និងជាប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងលោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានថ្លែងបន្ដថា «ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចែករំលែកធនធានមកជួយ អភិវឌ្ឍស្រុកជើងព្រៃ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាជននៅក្នុងស្រុកនេះ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋខេត្តកំពង់ចាម និយាយដោយឡែកបងប្អូនប្រជាពលរដ្ឋស្រុកជើងព្រៃ ដែលរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្តេចតេជោ និងតែងតែបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិកន្លងមក ទាំងការបោះឆ្នោតជាតិ និងថ្នាក់ក្រោមជាតិ។ ជាពិសេសថ្មីៗនេះ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបងប្អូនបានបោះឆ្នោតជូនបេក្ខជនរបស់គណបក្សប្រជាជនកម្ពុជា មានឱកាសបន្តបំពេញកាតព្វកិច្ច ក្នុងការបម្រើប្រជាជនឱ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍ ឃុំសង្កាត់បន្តទៀត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧»

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក៏បានអរគុណដល់សមាជិក សមាជិកាគណបក្សស្រុកជើងព្រៃ និងគណបក្សឃុំទាំងអស់ក្នុងស្រុកជើងព្រៃ ព្រមទាំងក្រុមការងារថ្នាក់កណ្ដាល និងថ្នាក់ ខេត្តចុះជួយស្រុកជើងព្រៃ ដែលបានខិតខំប្រឹងប្រែងក្នុងការបម្រើ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកសមាជិកាគណបក្សនៅមូលដ្ឋានជាប់ជាប្រចាំ និងបានចំណាយធនធានថវិកា និងសម្ភារៈ ដើម្បីរួមចំណែកអភិវឌ្ឍស្រុក ជើងព្រៃ ដោះស្រាយបញ្ហាការលំបាកផ្សេងៗរបស់ប្រជាជន ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីកម្លាំងសាមគ្គីភាពដ៏ខ្លាំងក្លា និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែនៅក្បែរប្រជាជនគ្រប់កាលៈទេសៈ។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្ដកំពង់ចាមរូបនេះ ក៏ថ្លែងទៅកាន់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សគ្រប់ថ្នាក់របស់ខ្លួន ត្រូវក្ដាប់ឱ្យជាប់នូវការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តរបស់គណបក្ស គឺ «ខិតខំរក្សារប្រៀបឈ្នះ និងបន្តពង្រីករប្រៀបឈ្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាឆ្នាំ២០២៣។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានផ្ដល់ការណែនាំ ឱ្យយកចិត្តទុកដាក់អនុវត្តទិសដៅភារកិច្ចចំនួន១៦ចំនុចជូនសមាជិកសមាជិការរបស់ខ្លួនផងដែរ ដើម្បីសម្រេចការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្រនេះ»