(ភ្នំពេញ)៖ កញ្ញា ហេងប៉ាវ វិផាវីន បេក្ខនារីឆ្នេីមមួយរូបរបស់កម្ពុជា ដែលទទួលបានមេដាយមាសលេខមួយ (First Class Honors) ពីសាលា Panyapiwat Institute of Management (PIM) និងជានិសិ្សត ឆ្នេីមប្រចាំជំនាន់ បានប្តេជ្ញាចិត្តខិតខំយកចំណេះដឹងមកចូលរួមជួយអភិវឌ្ឍប្រទេសកំណេីត។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២២នេះ កញ្ញា ហេងប៉ាវ វិផាវីន បានលើកឡើងថា «ការដែលបានមកសិក្សានៅព្រះរាជាណាចក្រថៃរយៈពេល ៤ឆ្នាំកន្លងមកខ្ញុំបានទទួលចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍ល្អៗ ដែលអាចយកមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ និងសង្គមជាតិឲ្យរឹតតែរីកចម្រើន បេីមានឱកាសចូលបម្រើការងាររាជការ នាងខ្ញុំនឹងយកចំណេះដឹងដែលទទួលបានទៅអភិវឌ្ឍ វិស័យ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច របស់រដ្ឋាភិបាល ឱ្យកាន់តែជឿនលឿន និងសុីវីល័យ»

វិផាវីន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញ International Modern Trade Business Management (iMTM) ដោយទទួលបានលំដាប់ពិន្ទុ GPA 3.69 និងទទួលបានមេដាយមាសលេខ១ (First Class Honors) នៃនិសិ្សត ឆ្នេីមប្រចាំជំនាន់ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

កញ្ញាបានបន្ថែមថា មេដាយមាស First Class Honors គឺចង់បញ្ចាក់អំពីនិស្សិតដែលរៀនបានពិន្ទុខ្ពស់ចាប់ពី GPA 3.50 ឡើងទៅក្នុងរយៈពេលសិក្សា៤ឆ្នាំមកនេះ ដែលក្នុងនោះនៅក្នុងថ្នាក់នាងមានចំនួន ៥នាក់ដែលទទួលបានមេដាយមាស ដែលមាននិស្សិតខ្មែរ ២នាក់ ភូមា ១នាក់ ជប៉ុន១នាក់ និងថៃ១នាក់ផងដែរ។

សូមបញ្ជាក់ដែរថា កញ្ញា ហេងប៉ាវ វិផាវីន បានរៀនចប់នៅសាលាវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានីវត្តភ្នំ ប្រលងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៧ ទទួលបាននិទ្ទេស B។

កញ្ញា ហេងប៉ាវ វិផាវីន បានទទួលបានអាហារូបករណ៍ព្រះរាជទានរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន (តាមរយ:ក្រសួងអប់រំ, ប្រលងជំរុះ) ទៅសិក្សានៅព្រះរាជាណាចក្រថៃនៅឆ្នាំ២០១៨ ថ្នាក់បរិញ្ញាបត្រនៅសាលា Panyapiwat Institute of Management (PIM) ដែលជាវិទ្យាស្ថានរបស់ក្រុមហ៊ុន CP All Group។

មុននឹងចូលសិក្សានៅវិទ្យាស្ថាននេះ កម្មវិធីរបស់អាហារូបករណ៍គឺតម្រូវឲ្យនិស្សិតទាំងអស់ទៅសិក្សាភាសាថៃ នៅឯខេត្តមាហាសារ៉ាខាំ ចំនួន៣ខែជាមុនសិន ដែលក្នុងនោះនិស្សិតទាំងអស់បានសិក្សាអំពីការអាន ការសរសេរ ការនិយាយ ការស្តាប់ ក៏ដូចជាវប្បធម៌ របស់ប្រទេសថៃផងដែរ៕