(ភ្នំពេញ)៖ ចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន បាននាំមកនូវសមិទ្ធផលថ្មីមួយទៀតជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ នេះជា​សមិទ្ធផល​រួម​រវាង​មូលនិធិ​មុទិតា​ និង​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ តាមរយៈការសាងសង់នូវ​អគារ​សិក្សាចំនួន​១ខ្នង​ មាន ៤បន្ទប់​ទំហំ៩ម​ x៣២ម ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សាសម្តេចតា​ ភូមិ១ឧសភា​ សង្កាត់​ កំពង់​កណ្ដាល​ ក្រុង​កំពត​ ខេត្ត​កំពត​ ។

អគារ​សិក្សា​ថ្មីនេះ ​ត្រូវ​បាន​ប្រសិទ្ធនាម​ថា​ «​អគារ​សិក្សា​ ​សម្តេច​ឪ​ សម្តេចម៉ែ​» ​សាងសង់​ឡើងក្នុងកំឡុងខែ​មេសា បានរួច​រាល់​ជា​ស្ថាពរ​នៅក្នុងខែតុលាឆ្នាំ​២០២០​។ ដោយ​សារការ​ផ្ទុះ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​ ទូទាំង​ប្រទេស​ជាង​២ឆ្នាំ​កន្លងមកនេះ​ ការ​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ត្រូវ​បាន​លើក​ពេល​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២២​ នេះ​។ សម្តេច​រាជបុត្រី​ព្រះ​អនុជ​ នរោត្តម​ អរុណ​រស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​ស្ថាបនិក​មូលនិធិ​មុទិតា​ បាន​សព្វ​ព្រះ​ហឫទ័យ​យាង​មកធ្វើពិធីសម្ពោធ និងប្រគល់​អគារ​សិក្សា​ថ្មីនេះ ​ជា​និមិត្ត​រូប​ តំណាង​អោយ​មូលនិធិ​មុទិតា​ និង​ស្ថានទូត​ចិន​ ជូន​លោក​គ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ និង​អាណាព្យាបាល​ទុកប្រើ​ប្រាស់​ជា​ថ្នាល​បណ្ដុះ​ចំណេះវិជ្ជា​ដល់កូនចៅ​នៅ​ក្នុង​សាលា​បឋម​សិក្សា​សម្តេច​តា​​នេះ។

តាម​រយៈ​របាយការណ៍​គណៈគ្រប់គ្រង​សាលា​ បាន​អោយ​ដឹងថា​ សាលាបឋមសិក្សាសម្តេចតា​ ត្រូវ​បាន​កសាង​ឡើង​នៅក្នុង​ឆ្នាំ​១៩៩១​ និង​ត្រូវ​បាន​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ក្រោម​ព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ នៃ​ព្រះករុណា​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​បរមរតនកោដ្ឋ​។ ដោយ​កំនើន​សិស្សានុសិស្ស​នៅក្នុង​មូល​ដ្ឋាន​នេះ រីកកេីនឡេីង​ជា​រៀងរាល់​ឆ្នាំ​ដូច​នេះ​ទេីប​គណៈគ្រប់គ្រង​សាលា​ ធ្វើ​ការ​ស្នើ​សុំ​មក​កាន់​មូលនិធិ​មុទិតា​ នូវ​អគារ​សិក្សា​ចំនួន​ ១ខ្នង​មាន​ ៤បន្ទប់​ និង​បន្ទប់​ទឹក១ខ្នង​ ដើម្បី​ដោះស្រាយ​តម្រូវការ​ខ្វះខាត​ជាក់ស្ដែង​នៅទីនោះ។

ក្នុង​ឱកាសនៃការសម្ពោធនេះ ​សម្តេច​រាជបុត្រី​ព្រះ​អនុជ​ បាន​នាំ​មក​នូវ​ព្រះ​រាជ​សវនីយ៍​ផ្តាំសួរ​សុខទុក្ខ​ ព្រម​ទាំង​​ព្រះ​រាជ​អំណោយ​ដ៏​ថ្លៃថ្លា​ របស់​សម្តេច​ព្រះមហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ នូវ​ កាបូប​ស្ពាយ​ប្រទាន​ដល់​ កុមារាកុមារី​សិស្សានុសិស្ស​ និងសារុង​ព្រះ​រាជ​អំណោយ​ ព្រមទាំង​ព្រះ​រាជ​ទ្រព្យ​ ជូនលោកគ្រូ​ អ្នកគ្រូ​​ ជាកូន​ចៅ​ ចៅទួត​របស់​ព្រះអង្គ​ និងនាំយក​សម្ភារៈ​សិក្សា​មួយ​ចំនួន​ទៀត​ដែល​មូលនិធិ​មុទិតា​ ទទួល​បាន​ពី​សប្បុរស​ជន​ទៅចែក​ជូនបន្តជាមួយគ្នាផងដែរ​។

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា​ សមិទ្ធផល​ រវាងមូលនិធិ​មុទិតា​ និង​ស្ថានទូត​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នា​ឱកាស​នេះជាសមិទ្ធផល ពុំមែន​ជា​លើក​ទី​មួយនោះទេ។ សមិទ្ធផល​ជាច្រើន​ផ្សេងទៀត​បានកេីត​ឡើង​ជាហូរហែ​ក្រោម​ចំណង​មិត្តភាព​ដ៏​ល្អ​ រវាង​មូលនិធិ​ និង​ស្ថាន​ទូត​ ក្នុង​វិស័យ​ជាច្រើន​ រួមមាន​ អប់រំ​ សិល្បៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធនៅតាម​បណ្តាល​ខេត្ត​ផ្សេង​ៗទៀត មានជាអាទ៏
*អាគាសិក្សា១ខ្នង មាន ៤បន្ទប់​ និងផ្ទះ១ខ្នង ជូនលោកគ្រូ អ្នកគ្រូ ស្ថិត​ក្នុង​បរិវេណ​សាលាបឋមសិក្សាអន្លុងធំ ដែលបានផ្តូមកជា សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លុងធំ នៅ​លេី​ខ្នង​ភ្នំ​​គូលែន​ ខេត្ត​សៀមរាប​ សាងសង់រួចរាល់នៅឆ្នាំ ២០១៧ - ២០១៨
*បណ្ណាល័យ ១ ខ្នង នៅសាលាបថម​សិក្សាគីរីវង់ ខេត្តតាកែវ សាងសង់រួចរាល់នៅឆ្នាំ ២០១៩
យាងប្រទានកាត់ខ្សែបូដោយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ ២០១៩ ។ ​នា​ពេល​ខាង​មុខ​នេះ​សមិទ្ធផល​ថ្មី​ជាបន្ត​បន្ទាប់​នឹង​ត្រូវ​សម្ភោធ​ដាក់​អោយ​ប្រើ​ប្រាស់​ជា​ផ្លូវការ​បន្ថែម​ទៀត​ ដូច​ជា​ស្ពាន​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ និង​អគារ​សិក្សាទី២​នៅ​លើខ្នង​ភ្នំ​​គូលែន​ ខេត្ត​សៀមរាប​។