(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអ៉ីតាលី ជួយជំរុញពលរដ្ឋខ្លួនមកកម្សាន្តនៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត ស្របតាមការចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និង អ៉ីតាលី កាលពីឆ្នាំ២០១៥។

សំណើរបស់លោក ប្រាក់ សុខុន បានធ្វើឡើងក្នុងឱកាសដែលលោកអនុញ្ញាតឲ្យ លោក Francesco Saverio Nisio ឯកអគ្គរដ្ឋទូតអ៉ីតាលីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅទីស្តីការក្រសួងការបរទេសនារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា លោកជំនួបនោះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានស្នើឯកអគ្គរដ្ឋទូតអ៉ីតាលី ពន្លឿនអនុវត្តន៍​អនុស្សារណៈ​លើវិស័យទេសចរណ៍ ដែលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីឆ្នាំ២០១៥។ លោកទេសរដ្ឋមន្រ្តី ក៏បានបង្ហាញនូវការស្វាគមន៍​ចំពោះការចុះហត្ថលេខា​ពង្រីកវិស័យទេសចរណ៍​រវាងក្រសួងទេសចរណ៍​កម្ពុជា-អ៉ីតាលី នៅទីក្រុងរ៉ូមកាលពីឆ្នាំកន្លងទៅ។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរអ៉ីតាលី កម្ពុជា បានរៀបចំឲ្យមានភោជនីយដ្ឋានលក់អាហាររបស់ជនជាតិ អ៉ីតាលី ក៏ដូចជាការបង្កើតឲ្យមានមគ្គុទ្ទេសន៍​ទេសចរណ៍និយាយភាសាអ៉ីតាលីជាដើម។ នេះបើតាមការបញ្ជាក់របស់លោក ជុំ សុន្ទរី

លោក  ប្រាក់ សុខុន ក៏បានលើកជាសំណើឲ្យមានការមកបំពេញទស្សនកិច្ចរបស់ជនជាតិអ៉ីតាលី ជាក្រុម និងជាកញ្ចប់មកកាន់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ កម្ពុជា និង ឡាវ ដែលជាមធ្យម​មានប្រជាពលរដ្ឋអ៉ីតាលីប្រមាណ ២០០,០០០នាក់ មកលេងប្រទេសទាំង៣នេះ ជារៀងរាល់ឆ្នាំ។

ឆ្លើយតបនិងសំណើ លោក Francesco Saverio Nisio បានសន្យាខិតខំជំរុញភ្ញៀវទេសចរអ៉ីតាលី មកកាន់ប្រទេសកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងជំនួបនេះ លោក ប្រាក់ សុខុន និង លោក Francesco Saverio Nisio ក៏បានពិភាក្សាពីការពង្រីកពង្រឹងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ លោក Francesco Saverio Nisio បានអរគុណកម្ពុជា ដែលបានគាំទ្រអ៉ីតាលី ចូលជាសមាជិកមិនអចិន្ត្រៃយ៍ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មកម្ពុជា-អ៉ីតាលី នៅក្នុងឆ្នាំ២០១៥កន្លងទៅនេះ មានទំហំទឹកប្រាក់ប្រមាណ ២៣០លានដុល្លារអាមេរិក៕