(វ៉ាស៊ីនតោ)៖ ប្រធានាធិបតីសហរដ្ឋមអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទៅដល់ប្រទេសជប៉ុនហើយ នៅយប់ថ្ងៃពុធនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចអស់រយៈ ៣ថ្ងៃ​នៅលើទឹកដីវៀតណាម នេះបើយោងតាមការ​ចេញ​ផ្សាយរបស់សារព័ត៌មាន Washington Times ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា។

បន្ទាប់ពីទៅដល់ប្រទេសជប៉ុន​ លោក អូបាម៉ា នឹងជួបពិភាក្សា សំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ មុនពេលចូលរួមកិច្ចប្រជុំកំពូល G7។ តាមការ​ប្រកាសឲ្យដឹងពីសេតវិមាន លោក អូបាម៉ា នឹង​ទៅ​កាន់​​ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) ហើយក៏ជាប្រធានាធិបតីអាមេរិក ដំបូងគេបំផុត ដែលទៅបំពេញទស្សនកិច្ច​នៅទីក្រុង​ហ៊ីរ៉ូស៊ីម៉ា ចាប់តាំងបី​សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរិមាណូ ក្នុងសម័យសង្គ្រាមលោកលើកទី២៕