(ព្រៃវែង)៖ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គណៈពង្រឹងចុះជួយស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ បានរៀបចំពិធីប្រកាស​តែងតាំង​អនុប្រធានទី១ ទទួលបន្ទុករួម និងអនុប្រធានចុះ​ជួយស្រុកមេសាង ខេត្តព្រៃវែង ដើម្បីបង្កើនការងារ​សកម្មភាពរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងគោលដៅជួយ​ប្រជាពលរដ្ឋ​តាមមូលដ្ឋាន កាន់តែខ្លាំងឡើង។

លោក ប៉ាវ ហមផាន ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ហើយតែងតាំងជាអនុប្រធានទី១ទទួលបន្ទុករួម ខណៈលោក ចាន់ គឹមសេង ត្រូវបានប្រកាសតែងតាំងជាអនុប្រធាន។ ពិធីប្រកាស​ចូលកាន់មុខតំណែង របស់ក្រុមការងារចុះជួយស្រុកមេសាង ខាងលើនេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក នុត សាអាន អនុប្រធានក្រុមការងារចុះជួយខេត្តព្រៃវែង និងជាប្រធានក្រុម​ការងារចុះ​ជួយ ស្រុកមេសាងនាទីស្នាក់ការ គណបក្សស្រុកមេសាង។ នៅក្នុងពិធីនេះក៏មានការអញ្ជើញ​ចូលរួមផងដែរពីលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង លោក ហេង ហាក់ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។ ក្រោយបញ្ចប់កម្មវិធី​ប្រកាសចូលកាន់​មុខតំណែងលោក ប៉ាវ ហមផាន បានបន្តដឹកនាំប្រតិភូអមដំណើរ ចុះចែកមូលនិធិ «សម្តេច ស ខេង» ចំនួន៣០គ្រួសារ នៅឃុំព្រៃរំដេង ស្រុកមេសាង ដោយក្នុងមួយគ្រួសារទទួលបានថវិកា២០ម៉ឺនរៀល។ ក្នុងនាមសម្តេចក្រឡាហោម ស ខេង លោកអនុប្រធានទី១ ចុះជួយស្រុក​មេសាង បានផ្តាំផ្ញើការសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ចំពោះសមាជិកគ្រួសារបងប្អូន ប្រជាពលរដ្ឋរស់នៅឃុំព្រៃរំដេង ដែលបានទទួលមរណភាព ក៏ដូចជាបានផ្តាំផ្ញើសេចក្តីនឹករឮក ដល់គ្រួសារស្ត្រី ដែលទើបសម្រាល​កូនហើយ មេត្តាយកចិត្តទុកដាក់​ចំពោះសុខភាពបុត្រធីតា យកចិត្តទុកដាក់ថែរក្សាអនាម័យក្នុងផ្ទះ និងទៅចាក់វ៉ាក់​សាំង​ឲ្យបានទៀងទាត់តាមការកំណត់៕