(វៀតណាម)៖ លោកបណ្ឌិត ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាជាមួយលោក ដួង តាន់ហៀន (Mr. Duong Tan Hien) អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការប្រជាជនកាន់ធើ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា លើទីផ្សារវៀតណាម។

ជំនួបពិភាក្សានេះគឺដើម្បីអនុវត្តនូវស្មារតីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Pham Minh Chinh, នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏ដូចជាអនុវត្តសកម្មភាពយោងតាមស្មារតីជំនួបផ្លូវការរវាង លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាមួយលោក NGUYEN Van Hung រដ្ឋមន្ត្រីវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ក្នុងអំឡុងពិធិបើក SEA Games លើកទី៣១ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

នៅក្នុងជំនួបដែលបានធ្វេីឡេីងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាលគណ:កម្មាធិការប្រជាជនកាន់ធើ លោកបណ្ឌិត ថុក សុខុម ក៏បានជម្រាបជូនលោក ដួង តាន់ហៀន ពីសេចក្តីនឹករលឹកពីលោកបណ្ឌិត ថោង ខុន ជូនដល់ប្រជាជន និងគណ:កម្មាធិការប្រជាជនកាន់ធើ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម និងបានថ្លែងអំណរគុណចំពោះភាគីវៀតណាម ដែលបានទទួលស្វាគមន៍គណៈប្រតិភូកម្ពុជាយ៉ាងកក់ក្តៅក្នុងការស្នាក់នៅទីក្រុងកាន់ធើនាពេលនេះ។

លោកបណ្ឌិត ថុក សុខុម ក៏បានលេីកឡេីងពីគោលបំណងនៃការរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា “Cambodian Tourism Roadshow” ទៅកាន់ទីក្រុងកាន់ធើ ដើម្បីប្រកាសប្រាប់ប្រជាជនវៀតណាមអំពីការបើកឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ក្នុងនោះកម្ពុជាបានរៀបចំរួចរាល់ហើយក្នុងការទទួលស្វាគមន៍ទេសចរ ពាណិជ្ជករ និងវិនិយោគិនវៀតណាម ព្រមទាំងទេសចរអន្តរជាតិមកទស្សនាកម្ពុជា ដោយកម្ពុជាបានសម្រួលលក្ខខណ្ឌមួយចំនួនប្រកបដោយភាពងាយស្រួល សុវត្ថិភាព ផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងនោះចំពោះភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញ វិធានសុវត្ថភាពតម្រូវត្រឹមតែការបង្ហាញកាត ឬវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ដោយឡែកចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬបានចាក់វ៉ាក់សាំងមិនពេញលេញ គ្រាន់តែតម្រូវឲ្យធ្វើតេស្តរហ័ស ប៉ុណ្ណោះនៅពេលមកដល់កម្ពុជា។

លោកបានបញ្ជាក់ទៀតថា ទីក្រុងកាន់ធើ ជា Hub មួយដែលអាចតភ្ជាប់ការធ្វើដំណើរតាមផ្លូវគោក ទឹក និងផ្លូវអាកាស ពីវៀតណាមទៅកម្ពុជា។ ទន្ទឹមនឹងនេះដែរកម្ពុជាក៏ត្រៀមពិភាក្សាជំរុញផងដែរនូវទេសចរធ្វើដំណើរបើកបរដោយខ្លួនឯង (Self-driving tour) ពីច្រកព្រំដែនអន្តរជាតិ ជាពិសេសប្រទេសមិត្តជិតខាង ហើយសង្ឃឹមថាការបើកច្រកនេះនឹងបង្កើនឲ្យមានលំហូរទេសចរមកទស្សនាប្រទេសទាំងពីឲ្យបានច្រើនថែមទៀត។

ជាមួយគ្នានោះលោកបណ្ឌិត ថុក សុខុម ក៏បានថ្លែងអំណរគុណ គណ:កម្មាធិការប្រជាជនកាន់ធើ នៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៣០រូបផងដែរ ហេីយលោល
កក៏បានអះអាងដែរថា បច្ចុប្បន្នកម្ពុជាកំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទន់-រឹងជាច្រើននៅទិសនិរតី ដើម្បីតភ្ជាប់សម្រួលការធ្វើដំណើរ ជំរុញចលនាភ្ញៀវទេសចរពីខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ទៅខេត្តគៀងយ៉ាង និងទីក្រុងកាន់ធើជាដើម។

ជាមួយគ្នានោះដែរលោកបណ្ឌិត ក៏បានអញ្ជើញភាគីកាន់ធើ វៀតណាម និងប្រតិភូចូលរួមក្នុងពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩-១១ ខែធ្នូ ឆ្នាំ២០២២ នៅក្រុងព្រះសីហនុផងដែរ។

ជាការឆ្លេីយតបលោក ដួង តាន់ហៀន បានសម្តែងនូវការត្រេកអរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកបណ្ឌិត ថុក សុខុម និងលោក ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងប្រតិភូកម្ពុជាទាំងអស់ បានមកទស្សនកិច្ចទីក្រុងកាន់ធើ នៅថ្ងៃនេះ។

លោក ដួង តាន់ហៀន បានបន្ថែមថា វៀតណាម និងកម្ពុជា មានចំណងទំនាក់ទំនងការទូតដែលជាប្រទេសក្បែរខាងល្អជាមួយគ្នា ហើយមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ ដោយក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២២ នេះមានចំនួនទេសចរកើនឡើងប្រមាណ១៥០%។

លោកបានបន្ថែមទៀតថា ទីក្រុងកាន់ធើ ជាទីក្រុងលេខ១ នៃតំបន់ភូមិភាគទន្លេមេគង្គ ដែលមានប្រជាជន ១.២លាននាក់ កន្លងមកធ្លាប់បានចាត់តាំងប្រតិភូចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជា និងបានផ្តល់អាហាររូបករណ៍ដល់និសិ្សតកម្ពុជាចំនួន ៣០រូប មកសិក្សានៅទីក្រុងកាន់ធើនេះផងដែរ៕