(តាកែវ)៖ បន្ទាប់ពីមានព័ត៌មានមួយចំនួន បានផ្សព្វផ្សាយពាក់ព័ន្ធទៅ និងការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ និងអំពើរត់គេចពន្ធទំនិញឆ្លងកាត់ តាមច្រករបៀង និងប៉ុស្តិ៍ការពារព្រំដែន នៅតាមភូមិសាស្រ្តមួយចំនួន តាមច្រកទ្វាព្រំដែន រវាងខេត្តតាកែវ និងខេត្ត២របស់វៀតណាម គឺខេត្តអានយ៉ាង និងខេត្តគៀនយ៉ាងនោះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានចេញលិខិត​មួយនៅថ្ងៃ​ទី២៥​ ខែឧសភា ឆ្នាំ២០១៦នេះ ដោយបានជម្រាបទៅលោកស្នងការខេត្ត និងលោកមេបញ្ជាការតំបន់​ប្រតិបត្តិការសិករងខេត្ត ព្រមទាំងលោក​អភិបាលស្រុក ដែលនៅជាប់ព្រំដែន ត្រូវចាត់វិធាន​ការទប់ស្កាត់បញ្ហាខាងលើឲ្យមានប្រសិទ្ធិភាព។

យោងតាមលិខិតរបស់សាលាខេត្តតាកែវដែល Fresh News បានទទួលនៅថ្ងៃនេះ លោក ឡាយ វណ្ណៈ បានថ្លែងថា «លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគបាលខេត្ត លោកឧត្តមសេនី​យ៍ត្រី សេក រស់ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងខេត្ត និងលោកអភិបាលស្រុកទាំង៤ ដែលនៅជាប់ព្រំដែនប្រទេសវៀតណាម ត្រូវចាត់វិធានការណ៍ទប់ស្កាត់ និងលុបបំបាត់ការចូលមក​របស់0ជនអន្តោប្រវេសន៍​ខុសច្បាប់ និងអំពើរត់គេចពន្ធគ្រប់ប្រភេទ តាមច្រករបៀង និងប៉ុស្តិ៍ការពារព្រំដែនក្នុង​ភូមិសាស្រ្តខេត្តតាកែវ»។ បើតាមលិខិតរបស់សាលាខេត្តតាកែវ យោងតាមលិខិតបញ្ជាលេខ០១ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ របស់រាជរដ្ឋាភិបាល និងអនុវត្តន៍តាមការណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងអង្គសន្និបាទ បូកសរុបលទ្ធផលការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ក្នុងការចូលរួមលុប​បំបាត់ការ​ចូលមកនូវជន​អន្តោប្រវេសន៍ខុសច្បាប់ ព្រមទាំងធ្វើការទប់ស្កាត់ និងបង្រ្កាបអំពើរត់គេចពន្ធគ្រប់ប្រភេទ ដើម្បីពង្រឹងវិធានការ ប្រមូលពន្ធរបស់​រាជរដ្ឋាភិបាល និងបង្កើនចំណូលថវិកាជាតិ សូមលោក​ស្នងការនគបាល​ខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករង និងលោកអភិបាលស្រុក នៅជាប់ព្រំដែនទាំងអស់ ចាត់វិធានការណ៍ទប់ស្កាត់ និងបង្រ្កាបអំពើរត់គេច​ពន្ធលើទំនិញគ្រប់​ប្រភេទ និងលប់បំបាត់​ការចូលមកនូវជនអន្តោប្រវេសន៍ខុសច្បាប់តាមច្រករបៀង និងប៉ុស្តិ៍ការពារព្រំដែន ក្នុងភូមិសាស្រ្តខេត្តតាកែវ ដូចដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ធ្លាប់បានលើកឡើង និងណែនាំកន្លងមកដើម្បី​ធានាប្រសិទ្ធិភាពនៃការអនុវត្តន៍ច្បាប់ ស្ដីពីរអន្តោប្រវេសន៍ លិខិតបទដ្ឋាន​គតិយុត្ត និងបទបញត្តិពាក់ព័ន្ធជាធរមាន៕