(ភ្នំពេញ)៖ សៀវភៅស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ត្រូវបានធ្វើការផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រី សាស្រ្តាចារ្យ និងនិស្សិត ជាច្រើនរូប។ សៀវភៅនេះមានកម្រាស់ ៨០ទំព័រ ចែកចេញជាបីជំពូកធំៗ រួមមាន៖ សង្គមនិយមតាមបែបផែនចិន, ឧត្តមគតិតាមបែបផែនចិន, ការទូតតាមបែបផែនចិន។

ឯកឧត្តម លឹម ប៊ុនហុក អគ្គលេខាធិការរងព្រឹទ្ធសភា នាឱកាសនោះ បានថ្លែងនូវការកោតសរសើរចំពោះ កិច្ចខិតខំសិក្សាស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ហើយតាមរយៈសៀវភៅស្តីពីប្រជាធិបតេយ្យតាមបែបផែនចិនដែលជាស្នាដៃបន្ថែមថ្មីរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ នឹងផ្តល់ជាប្រទីបបំភ្លឺផ្លូវដល់អ្នកសិក្សាស្រាវជ្រាវនានា ក្នុងការឈ្វេងយល់ពីប្រទេសចិនបន្ថែមលើសៀវភៅជាច្រើន ដែលសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានសិក្សាស្រាវជ្រាវ និងបកប្រែ ដូចជាសៀវភៅ Xi Jinping ៖ អភិបាលកិច្ចប្រទេសចិនដែលបានបកប្រែមកជាខេមរភាសាជាដើម។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់ អង្គពិធីជាពិសេសមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលបានចូលរួមក្នុងកម្មវិធីនាព្រឹកនេះបន្តការអានដោយយកចិត្តទុកដាក់លើ កម្រងឯកសារស្នាដៃស្រាវជ្រាវរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយជំរុញឱ្យបណ្ណាល័យបន្តកិច្ចសហការជាមួយ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការបង្កើនបរិមាណសៀវភៅសិក្សាស្រាវជ្រាវពីប្រទេសចិន។

តាមរយៈសៀវភៅដែលទើបបោះពុម្ពនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ បានរំលេចពីបញ្ញត្តិប្រជាធិបតេយ្យ ដោយបញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យមិនមែនជាគំរូឯកសណ្ឋាន ឬការកំណត់រចនាសម្ព័ន្ធដូចគ្នាទាំងស្រុង សម្រាប់គ្រប់ប្រទេសនានាជុំវិញពិភពលោក។

«ប្រសិនជាយើងចង់កំណត់ថាតើប្រទេសមួយមាន ឬមិនមានលទ្ធិប្រជាធិបតេយ្យ គួរតែទុកឲ្យប្រជាជននៃប្រជាជាតិនោះ ជាអ្នកឆ្លើយ ហើយផ្ទៀងផ្ទាត់នឹងលក្ខខណ្ឌជីវភាពរស់។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ដែលមានឯកឧត្តម Xi Jinping ជាស្នូលបានបង្ហាញថា នៅឆមាសទីមួយឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន គឺ៥៦,២៦៤២ទ្រីលានប្រាក់យាន់ចិន បើគិតជាតម្លៃថេរនោះបានកើនជាង២,៥ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ២០២១។ ប្រទេសចិនគឺជា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោកប្រកបដោយភាពធន់។ នៅឆ្នាំ២០២១ ប្រជាជនចិនម្នាក់ៗ មានចំណូលប្រចាំឆ្នាំ$១២000 ច្រើនជាងប្រជាជនជុំវិញពិភពលោកជាមធ្យមក្នុងមនុស្សម្នាក់ៗ ដែលនេះជាតួលេខដែលប្រទេសចិនបានប្រកាសជាផ្លូវការ»

លោកបន្តថា លទ្ធិប្រជាធិបតេយ្យបែបផែនចិនអនុញ្ញាតឱ្យប្រជាជនកសាងភាពរីករាយ និងអភិវឌ្ឍរួមគ្នា ក៏ដូចជាអនុញ្ញាតឱ្យប្រជាជនសម្រេចចិត្តសម្រាប់ការអភិវឌ្ឍជាតិ។ លទ្ធិប្រជាធិបតេយ្យនេះធានាតាមរយៈប្រព័ន្ធទូលំទូលាយ ក៏ដូចជាអនុវត្ត និងផ្សព្វផ្សាយតាមរយៈការរៀបចំនយោបាយ បច្ចេកទេស និងវិទ្យាសាស្ត្រជាមុន។ លើសពីនេះ វឌ្ឍនភាពនៃសេដ្ឋកិច្ចរបស់ចិនបានចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនិយាយរួម ភាពរីកចម្រើននៃសេដ្ឋកិច្ចប្រទេសកម្ពុជា។ គំរូភាពនៃលទ្ធិប្រជាធិបតេយ្យតាមបែបផែនចិន ក៏បានផ្តល់នូវប្រយោជន៍យ៉ាងច្រើន ដល់ភាពរឹងមាំនៃប្រជាធិបតេយ្យមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិតក៏បានរំលេចផងដែរពីខួប៦៤ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន និងបានចូលរួមអបអរសាទរខួប១០១ឆ្នាំ នៃថ្ងៃបង្កើតបក្សកុម្មុយនិស្តចិនផងដែរ។

លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា ក៏បានគូសបញ្ជាក់ពុទ្ធិថ្មី ដែលលោកស្រីទទួលបានពី ការផ្សព្វផ្សាយសៀវភៅនាថ្ងៃនេះ ហើយលោកស្រីក៏បានថ្លែងអំណរគុណដល់មិត្តចិន ការចូលរួមកែលម្អនិងធ្វើទំនើបកម្ម ដល់បណ្ណាល័យព្រឹទ្ធសភា និងវាយតម្លៃខ្ពស់ចំពោះ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការចាក់បញ្ចូល នូវបរិមាណឯកសារស្រាវជ្រាវពីប្រទេសចិនដល់បណ្ណាល័យព្រឹទ្ធសភាផងដែរ។ លោកស្រីក៏បានលើកទឹកចិត្តដល់ សាធារណជនមកបណ្ឌាល័យព្រឹទ្ធសភា ដើម្បីឈ្វេងយល់ពីប្រទេសចិនតាមរយៈឯកសារ និងបទបង្ហាញនានា ដែលលោកបណ្ឌិត ជា មុនីឫទ្ធិ បានចែករំលែក៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជាចិន)