(ភ្នំពេញ)៖ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ បានធ្វើឱ្យខាតបង់ប្រយោជន៍ខ្លួនឯង នៅពេលដែលលោក មិនបានឆ្លើយទៅនឹងការចោទសួររបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកមិញ។ នេះបើតាមការអះអាងរបស់ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក លី សុផាណា បានបញ្ជាក់ថា «ជនត្រូវចោទមិនឆ្លើយនឹងសំណួរ របស់ចៅក្រមសើបសួរមិនប៉ះពាល់ដល់នីតិវីធី និងកិច្ចសើបសួរនោះឡើយ ហើយវាជាការបាត់បង់នូវប្រយោជន៍ របស់ជនត្រួុវចោទ ដោយខ្លួនឯង សម្រាប់ការឆ្លើយដោះបន្ទុកនៅចំពោះមុខចៅក្រមសើបសួរ»

នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បាននាំខ្លួន លោក អ៊ុំ សំអាន ដើម្បីឆ្លើយបំភ្លឺ នៅមុខចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ពីបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌកម្ពុជា បន្ទាប់ពីលោក បានបង្ហោះខ្លឹមសារមួយ ដែលសមត្ថកិច្ចចោទថាក្លែងបំភ្លៃ នោលើបណ្តាញសង្គម Facebook។

លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក អ៊ុំ សំអាន បានអះអាងថា នៅក្នុងពេលឡើងឆ្លើយបំភ្លឺនេះ លោក អ៊ុំ សំអាន បានរក្សាសិទ្ធិមិនឆ្លើយអ្វីទាំងអស់ ដែលនាំឱ្យចៅក្រមស៊ើបសួរ បញ្ចប់ការសាកសួរ ត្រឹមមួយរយៈពេលខ្លី។

ទោះជាយ៉ាងណា លោក លី សុផាណា បានអះអាងថា តាមនីតិវិធី តុលាការនឹងបន្តនាំខ្លួន លោក អ៊ុំ សំអាន មកឆ្លើយបំភ្លឺជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ៕