(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានថ្លែងថា តាមរបាយការណ៍ត្រួតពិនិត្យរបស់ក្រសួងការងារ បង្ហាញថា រហូតដល់ពេលនេះ ប្រជាជនកម្ពុជា ដែលមានការងារ បានធ្វើកើនជាង៩៩ភាគរយ ចំណែកអត្រាអត់ការងារធ្វើ​ នៅតែត្រឹម០.៧០ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុប។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាត្រីភាគីថ្នាក់ជាតិស្ដីពី ការអនុម័តលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៦-២០១៨ នាសណ្ឋាគារភ្នំពេញ។

លោក អ៉ិត សំហេង បានលើកឡើងថា «តាមរបាយការណ៍ត្រួតពិនិត្យ ក្នុងឆ្នាំ២០១៦នេះ បញ្ជាក់ថា ប្រជាជនជាង៩៩ភាគរយ មានការងារធ្វើ អត្រាអត់ការងារធ្វើមានតែ០.៧០ភាគរយ ប៉ុណ្ណោះ ហើយគ្រឹះស្ថានការងារក្នុងស្រុក បានកើនឡើងជាលំដាប់ សរុបមានចំនួន៨,១៩៧គ្រឹះស្ថាន ដែលបានផ្ដល់ការងារជូនកម្មករនិយោជិត ចំនួន១,០៧៧,០៧៩នាក់ ចំណែកកម្មករនៅក្រៅប្រទេស មានចំនួន៦២ម៉ឺននាក់ ផងដែរ»

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លទ្ធផលការងារ ដែលសម្រេចបាននេះ ក៏ដោយសារមានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាល ដោយក្នុងនោះ យើងបានពង្រីកវិសាលភាពបេឡាជាតិរបបសន្តិសុខសង្គម នៅទូទាំង២៥ រាជធានី-ខេត្ត, ជួយសង្គ្រោះ និងព្យាបាលកម្មករនិយោជិត ដែលជួបគ្រោះថ្នាក់ការងារ និងបានរៀបចំកម្មវិធីឱ្យដំណើរការ របបថែទាំសុខភាពនៅឆ្នាំ២០១៦ និងរៀបចំដាក់អនុវត្តប្រព័ន្ធរបបសោធននិវត្ត នៅឆ្នាំ២០១៧ ខាងមុខ។

លោក បានបន្ថែមថា «ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងបានដាក់ចេញនូវផែនការយុទ្ធសាស្រ្តកំណែទម្រង់ ចំនួន៥ចំណុចទៀត សម្រាប់ឆ្នាំ២០១៦-២០១៨ រួមមាន៖ ទី១. ការភិវឌ្ឍលក្ខខណ្ឌការងារ និងសុខដុមរមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ,ទី២. អភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, ទី៣. ការអភិវឌ្ឍមុខរបរ និងការងារ, ទី៤. អភិវឌ្ឍរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងទី៥. ពង្រឹងសេវាសាធារណៈល្អ»