(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព ដែលបានបាត់បង់សមាជិក៣រូប (ជីតាម្នាក់ និងចៅៗ២នាក់) ក្នុងពេលតែមួយ​ដោយសារ​គ្រោះ​ថ្នាក់គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កាលពីម្សិលមិញនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការ អាជ្ញាធរមីន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន ក្រៅពីការចូលរួមរំលែកទុក្ខ បានសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅ ក្នុងតំបន់រងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ត្រូវប្រុងប្រយ័ត្នបំផុត ជាមួយនឹងគ្រាប់ ទាំងនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ រាយការណ៍ដល់អាជ្ញាធរ មូលដ្ឋានជាបន្ទាន់ បើសិនជាសង្ស័យថា គ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ។ បន្ថែម​ពីនេះសម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានឧបត្ថម្ភជាគ្រឿង ឧបភោគបរិភោគ និងថវិកាមួយចំនួនជូន គ្រូសារសពផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដោយសារ គ្រាន់​យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះនេះ បានបណ្តាលឲ្យជនរងគ្រោះ៣នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះ មានជីតា និងចៅប្រុសស្រី ២នាក់ទៀត បានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ការផ្ទុះគ្រាប់នេះ បណ្តាលមកពីជនរងគ្រោះទាំង៣នាក់ បានយកគ្រាប់បែកដែលរើសបាន ទៅដំធ្វើស្នឹងគោ។ ជនរងគ្រោះដែលទាំង៣នាក់ ទី១. ឈ្មោះ ទេព ផល អាយុជាង៧៤ឆ្នាំ(ជីតា) ទី២. ឈ្មោះ ផល ណារី ភេទស្រី អាយុ១២ឆ្នាំ (ចៅ) និងទី៣. ឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ​៩ឆ្នាំ (ចៅ)៕