(ភ្នំពេញ)៖ លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី នឹងមកចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាម លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងបទសម្ភាសផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។

តាមការផ្សាយរបស់ AKP បានបញ្ជាក់យ៉ាងដូច្នេះ៖ «ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានលើកឡើងថា កម្ពុជាបានដាក់លិខិតអញ្ជើញ ឯកឧត្តម Sergei Lavrov រដ្ឋមន្រ្ដីការបរទេសសហព័ន្ធរុស្ស៉ី ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលនឹងធ្វើឡើងពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ខាងមុខ ស្របពេលជាមួយនឹងលិខិតអញ្ជើញរដ្ឋមន្រ្ដីការបរទេសនានាដែរ ហើយស្ថានទូតរុស្ស៉ីនៅភ្នំពេញ ក៏បានបញ្ជាក់ពីការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសខ្លួន នៅក្នុងកិច្ចប្រជុំនៅកម្ពុជានេះហើយ»

ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានបញ្ជាក់ថា រុស្ស៉ីគឺជាដៃគូសន្ទនាមួយរបស់អាស៊ាន ក្នុងនោះក៏មានកម្មវិធីប្រជុំរវាងអាស៊ាន និងរុស្ស៉ីផងដែរ។ លោកឧបនាយករដ្ឋមន្រ្ដីបានបន្ដថា បញ្ហាសំខាន់ជាងនេះទៀត កម្ពុជា គឺជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងរុស្ស៉ី ហើយរដ្ឋមន្រ្ដីការបរទេសរុស្ស៉ី ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នឹងក្លាយទៅជាសហប្រធាននៃកិច្ចប្រជុំរវាងអាស៊ាន និងរុស្ស៉ី។

លោកឧបនាយករដ្ឋមន្រ្ដី បានបន្តថា ចំពោះបណ្ដាប្រទេសមួយចំនួនបានឆ្លើយតប ហើយប្រទេសមួយចំនួននៅមិនទាន់ឆ្លើយតប ដោយសារតែរដ្ឋមន្រ្ដីខ្លះគាត់មានកិច្ចការរវល់ខ្លាំង។ ទន្ទឹមនេះ គណៈប្រតិភូដែលបានមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺមានចំនួន៣៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាជាម្ចាស់ផ្ទះផង គឺសរុប ៣៩ប្រទេស។ សម្រាប់គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានមានចំនួន ២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន ១២ប្រទេស។

លោកឧបនាយករដ្ឋមន្រ្ដី បានឲ្យដឹងដែរថា ក្នុងកិច្ចប្រជុំក្នុងឆ្នាំនេះដែរ ក៏មានកិច្ចប្រជុំរវាងអាស៊ាន និងចក្រភពអង់គ្លេស ដែលជាដៃគូរបស់អាស៊ានលើកទី១ បន្ទាប់ពីអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបមក។ ក្រៅពីនេះ អាស៊ានក៏នឹងមានប្រទេសចំនួន៦ ដែលនឹងចុះហត្ថលេខាក្លាយទៅជាភាគីនៃសន្ធិសញ្ញាមិត្ដភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ាន។ ចំពោះប្រទេសទាំង៦ នោះ គឺមានប្រទេស៣ មកពីមជ្ឈឹមបូព៌ា រួមមាន ប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រទេសអូម៉ង់ និងប្រទេសកាតា ហើយប្រទេស៣ទៀត មកពីអឺរ៉ុប រួមមាន ប្រទេសក្រិច ប្រទេសហូឡង់ និងដាណឺម៉ាក។

ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្ដីក៏បានបញ្ជាក់បន្ថែមថា ប្រទេសអ៊ុយក្រែនក៏បានសំណូមពរចង់ចូលរួមជាភាគីជាមួយអាស៊ានដែរ តែដោយសារការដាក់ពាក្យហាក់ដូចជាយឺតជាងគេ ហើយក្នុងដំណើរការវិនិច្ឆ័យ និងវាយតម្លៃនៃការចូលរួមរបស់អ៊ុយក្រែន អាចរៀបចំ ឬធ្វើមិនទាន់នោះទេ។ បើតាមលោក ប្រាក់ សុខុន តាមរយៈការពិភាក្សាជាមួយអគ្គលេខាធិការអាស៊ាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បង្ហាញថា ប្រទេសអ៊ុយក្រែន អាចចូលរួមជាភាគីជាមួយអាស៊ានបាននៅឆ្នាំក្រោយ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី២៩ (29th ASEAN Regional Forum) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា កម្ពុជាបានត្រៀមខ្លួនរួចហើយ ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ គឺរង់ចាំតែស្វាគមន៍គណៈប្រតិភូទាំង ៣៨ប្រទេស និងអគ្គលេខាធិការដ្ឋានអាស៊ានប៉ុណ្ណោះ។

លោក លុយ ដាវីត បានបន្ថែមថា យោងតាមកម្មវិធី នៅថ្ងៃទី៣០ និង ៣១ ខែកក្កដា មានការប្រជុំថ្នាក់អគ្គនាយក ដើម្បីចរចាទៅលើការរៀបចំអត្ថបទទាំងអស់ សម្រាប់កិច្ចប្រជុំ ហើយនៅថ្ងៃទី១ ខែសីហា ចាប់ផ្តើមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន។ រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាបរទេស ចាប់ផ្តើមនៅថ្ងៃទី២ ខែសីហា។

សូមជម្រាបថា AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់ ៤ដង ក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕