(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយបែងចែកជា៤ក្រុម ជាមួយប្រតិបត្តិករទូរគមនាគមន៍ចំនួន៤៥ក្រុមហ៊ុន ដើម្បីពង្រឹងវិធានការដោះស្រាយបញ្ហាសេវាទូរស័ព្ទចល័ត និងសេវាអ៉ីនធឺណិត ស្របតាមសេចក្ដីជូនដំណឹងលេខ ១៥៣៧ បទ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ សំដៅការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់ ក្នុងការទទួលបានសេវាប្រកបដោយគុណភាព និងតម្លៃសមរម្យ។

កិច្ចប្រជុំនេះបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ អំពីបញ្ហាទូរស័ព្ទចល័ត បញ្ហាសេវាអ៉ីនធឺណិត និងវិធានការដោះស្រាយរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងបានទទួលយកសំណូមពរ ក៏ដូចជាបញ្ហាប្រឈមរបស់ក្រុមហ៊ុនដែលបានជួបប្រទះ។

លោកបានប្តេជ្ញាបន្តលុបបំបាត់រាល់បាតុភាពអសកម្ម និងអវិជ្ជមានក្នុងវិស័យទូរគមនាគមន៍ ដោយអនុវត្តតាមច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យសេវាទូរស័ព្ទចល័ត និងសេវាអ៉ីនធឺណិតបានល្អប្រសើរឡើង៕