(ខេត្តព្រះសីហនុ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា»​ ជូនមន្រ្តីមក ពីមន្ទីរ អង្គភាពជុំវិញខេត្តបី រួមមានខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពី និង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៨៖៣០នាទីព្រឹក ថ្ងៃទី២៥ ឧសភា២០១៦ នៅសណ្ឋាគារឯករាជ្យ។

ពិធីនេះ ប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពី លោក យន្ត មីន អភិបាលខេត្ត ព្រះសីហនុ និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត។

លោក យន្ត មីន បានស្វាគមន៍ និងគាំទ្រចំពោះយុទ្ធានាការបណ្តុះបណ្តាល និងកសាងសមត្ថភាព ដែលសហការរៀបចំ ដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការនៃគ្រប់មន្ទីរ អង្គភាពជុំវិញខេត្តព្រះសីហនុ ក៏ដូចជា ខេត្តកំពង់ស្ពី ខេត្តកំពង់ឆ្នាំង និងខេត្តដទៃទៀត សម្រាប់រួមចំណែក ក្នុងការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលបាន ជោគជ័យ តាមការគ្រោងទុក និង បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបទៅនឹង តម្រូវការចាំបាច់ របស់ខេត្ត ព្រះសីហនុ ក៏ដូចជា ខេត្តដទៃទៀត សម្រាប់​រួមចំណែក អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ ឱ្យកាន់តែប្រសើរថែមទៀត។

ថ្លែងនៅក្នុងឱកាសនោះ លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តថវិកា ប្រកបដោយ ប្រសិទ្ធ ភាព និងមានសង្គតិភាព ទៅនឹងគោលដៅ នៃគោលនយោបាយ របស់រាជរដ្ឋាភិបាល គឺជាការងារចាំបាច់សម្រាប់ធានា បាននូវកំណើន សេដ្ឋកិច្ច ប្រកបដោយគុណភាព និងចីរភាព។

ជាមួយនេះ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តការយកចិត្តទុក​ដាក់​​ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពដើម្បីសម្រេច ជោគជ័​យ​ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល។​ ជាក់ស្តែង ក្នុងឆ្នាំ២០១៥​ កន្លង​ទៅ ក្នុងគោលដៅដើម្បី ប្រសិទ្ធភាព នៃការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា មានវគ្គ​បណ្តុះបណ្តាលស្តីពីវិធីសាស្រ្ត នីតិវិធី និងគោលការណ៍ណែនាំ សម្រាប់អនុវត្តថវិកាកម្ម វិធីជាច្រើន និងជាបន្តន្ទាប់ ត្រូវបានរៀប​ចំជូនមន្រ្តីរាជការជំនាញ និងថ្នាក់ដឹកនាំរបស់អង្គភាពថវិកានៃក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ក្រោមឱវាទ។

លើស​ពីនោះ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៦នេះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានសហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលចំនួន៩វគ្គ ថែមទៀត សម្រាប់ក្រសួងស្ថាប័ន និង​អង្គភាព ដែលត្រូវអនុវត្ត សាកល្បងថវិកា កម្មវិធីពេញលេញនៅឆ្នាំ២០១៦ ដោយមានសិក្ខាកាមសរុប៩៣៨នាក់ មកពីណ្តាខេត្តដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយ​មានជ័យ ប៉ៃលិន សៀមរាប ឧត្តរមានជ័យ និងព្រះវិហារជាដើម បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ។ ចំណែក​វគ្គបណ្តុះបណ្តាលនៅពេលនេះ គឺសម្រាប់ ខេត្តព្រះសីហនុ កំពង់ស្ពឺ និងកំពង់ឆ្នាំង ព្រមទាំងត្រូវបន្តទៅបណ្តាខេត្តផ្សេងទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេស តាមកម្មវិធីដែលបានគ្រោងទុក។

ជាមួយនេះ ​លោក ហ៊ាន សាហ៊ីប បានបង្ហាញថា​ ឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាព សម្រាប់អនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាល ជាស៊េរីកម្រិតវិញ្ញាបនបត្រ ជូនមន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និង នៅថ្នាក់ក្រោមជាតិ រួមនឹងគ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាស សាធារណៈរបស់រដ្ឋ ពិសេសមន្ត្រីដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ, រជ្ជទេយ្យកររង, ភ្នាក់ងារបើកផ្តល់និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ក្នុងបុព្វហេតុធានាបាននូវភាពរលូន, និរន្តរភាពការងារ, សង្គតិភាពតួនាទី និងជំនាញ ដែលជាលក្ខខណ្ឌដើម្បីធានាបាននូវប្រសិទ្ធភាព និង ជោគជ័យ នៃការអនុវត្ត ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។

ក្នុងនោះ លោក ហ៊ាន សាហ៊ីប បានស្នើឱ្យមានកិច្ចសហការ គាំទ្រ និងចាត់បញ្ជូន​មន្រ្តីក្នុងតួនាទី និង អ្នកដែលមានសក្តានុពលសម្រាប់ តួនាទីពាក់ព័ន្ធ ជំនាញការងារថវិកានេះ ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ​ ។លោក ហ៊ាន សាហ៊ីប ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ស្តាប់ បទឧទ្ទេសនាម នៃវគ្គបណ្តុះបណ្តាល ដើម្បីចាប់យកចំណេះដឹង ឱ្យបានជាអតិបរមា សម្រាប់យកទៅ​អនុវត្តក្នុងការដ្ឋានការងារ នៅពេលត្រឡប់ ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ៕