(ត្បូងឃ្មុំ)៖ អនុវត្តតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានរៀបចំកិច្ចប្រជុំដាក់ផែនការដល់មន្ទីរការិយាល័យ ជំនាញនិងមេបញ្ជាការមូលដ្ឋានស្រុក-ក្រុង-ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋាន អាវុធហត្ថខេត្តទាំងអស់ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ។

ក្នុងកិច្ចប្រជុំនោះ លោកវរសេនីយ៍ទោ អ៊ាង ភារៈ មេបញ្ជាកាស្តីទី កងរាជអាវុធហត្ថខេត្ត បានធ្វើការណែនាំ និងដាក់ផែនការដល់គ្រប់ ផ្នែកជំនាញ ពាក់ព័ន្ធទាំងអស់ ឲ្យរៀបចំកម្លាំងមធ្យោបាយ គ្រឿងបំពាក់ឲ្យបានគ្រប់គ្រាន់ធានា បានក្នុងការឆ្លើយតបបានទាន់ ពេលវេលា នូវគ្រប់សភាពការណ៍ ដែលអាចកើតមានឡើង ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។

ក្នុងនោះផងដែរ លោកក៏បានធ្វើការក្រើនរម្លឹក ដល់កម្លាំងថ្នាក់មូលដ្ឋាន ត្រូវសហការឲ្យបានល្អជាមួយ គណៈបញ្ជាការឯកភាព ស្រុក/ក្រុង និងអាជ្ញាធរមូលដ្ឋាន ក្នុងការក្តាប់ឲ្យបានសភាពការណ៍ សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈក្នុងដែនសមត្ថកិច្ច របស់ខ្លួននិងចូលរួម ធានាឲ្យបានការអនុវត្ត ប្រកបដោយប្រសិទ្ធិភាពខ្ពស់ នូវគោលនយោបាយភូមិ/ឃុំសុវត្ថិភាព ដែលបានដាក់ចុះព្រមទាំងត្រៀមកម្លាំង ជួយសង្គ្រោះ ប្រជាពលរដ្ឋក្នុងករណីមានគ្រោះមហន្តរាយ កើតមានឡើងក្នុងរដូវវស្សានេះផងដែរ៕