(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News ប្រចាំនៅសាលាដំបូងរាជធានីភ្នំពេញ បានរាយការណ៍ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប​ ឈុន​ហេង បានបញ្ចប់ការសាកសួរលើ លោក អ៊ុំ សំអាន សមាជិករបស់ គណបក្សសង្រ្គោះជាតិ នៅម៉ោងជិត១១៖០០ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ហើយសម្រេចបញ្ជូន លោក អ៊ុំ សំអាន ទៅកាន់ពន្ធនាគារព្រៃសវិញ។

ការសាកស៊ួរលើ លោក អ៊ុំ សំអាន បានចាប់ផ្តើមនៅម៉ោង៨៖០០ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធនឹងសំណុំរឿង ញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៅក្នុងប្រទេស។

លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនដោយ​សារតែប្រព្រឹត្តិបទល្មើស​ជាក់ស្តែង នៅលើបណ្តាញសង្គម Facebook។

លោក អ៊ុំ សំអាន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ ស្របពេលដែលរដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្ត គណបក្សប្រឆាំងរូបនេះ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ បានសម្រេចបដិសេធលើសំណើសុំនៅក្រៅឃុំរបស់ លោក អ៊ុំ សំអាន សមាជិកគណបក្សសង្រ្គោះជាតិ បន្ទាប់ពីបាន​បើកសវនាការ​ជំនុំជម្រះមួយព្រឹក។ សាលាឧទ្ធរណ៍បានសម្រេចតម្កល់តាមសាលក្រម​ របស់សាលាដំបូងរាជធានីភ្នំពេញ ចំពោះសំណុំរឿងនៅក្រៅឃុំនេះ៕