(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យគណៈប្រតិភូ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារលោកស្រី សន ចាំណុង ដែលជាភរិយារបស់សព ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅវេលាម៉ោង៦៖២១នាទីព្រឹក ថ្ងៃអាទិត្យ ទី២២ ឆ្នាំ២០១៦ កន្លងទៅនេះ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេងខ្សឹបខ្សួលរំជួលចិត្តយ៉ាងក្រៃលែងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ គណៈប្រតិភូ បានជូនសារលិខិតចូលរួមរំលែកទុក្ខ ជាមួយលោកស្រី សន ចាំណុង ដែលជាភរិយារបស់សព ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ ចំពោះការបាត់បង់ឧត្តមស្វាមី បិតា ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់វីរជនកម្ពុជា ដ៏ឆ្នើមពោរពេញដោយគុណធម៌ សច្ចៈធម៌ បានធ្វើពលិកម្ម បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះប្រទេស និងប្រជាពលរដ្ឋឲ្យរួចផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងកសាងប្រទេស ឲ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ ដើម្បីវឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈរ របស់ជាតិមាតុភូមិយើង។

ក្នុងមរណទុក្ខដ៏សែនក្រៀមក្រំនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលបុណ្យជាបច្ច័យចំនួន៥លានរៀល និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ទៀ សុទ្ធ បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕⁠⁠⁠⁠