(ឧត្តរមានជ័យ)៖ រោងម៉ាសីុនអគ្គិសនីឯកជនមួយកន្លែង ស្ថិតនៅស្រុកត្រពាំងបា្រសាទ ខេត្តឧត្តរមានជ័យ ត្រូវបានអគ្គិភ័យឆេះបំផ្លាញចោលទាំងស្រុង ដែលមានទំហំខូចខាតខ្ទង់មឺុនដុល្លារទៀតផង។

ករណីនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីធ្លុះឡដុតអូស ហើយធ្លាយបំភាយចេញនូវអណ្តាតភ្លើងមកខាងក្រៅ តែសំណាងល្អគ្មានមនុស្សណាម្នាក់រងគ្រោះ និងផ្ទះប្រជាពលរដ្ឋ​​ នៅក្បែរត្រូវបានឆេះរីករាលនោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃ២៤ ខែឧសភា ឆ្នាំ២០១៦នេះ ខាងកើតផ្សារត្រពាំងបា្រសាទ ស្ថិតក្នុងភូមិ ត្រពាំងបា្រសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា នៅមុនពេលភ្លើងនេះបានឆាបឆេះ ពួកគាត់បានឃើញផ្សែងខ្មួលខ្មាញ់ នូវអណ្តាតភ្លើង ចេញពីរោងម៉ាស៊ីនអគ្គិសនី ដែលមានប្រើអុសដុតក្នុងឡ ដើម្បីយកកំដៅបញ្ចេញជាចរន្តភ្លើងអគ្គិសនី។

នៅគ្រានោះ ទាំងអាជីវរកផ្សារ ទាំងប្រជាពលរដ្ឋ និងអ្នកដឹកទឹកលក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបានទៅ ជួយពន្លត់ភ្លើង។

ម្ចាស់រោងម៉ាស៊ីនអគ្គិសនីឈ្មោះ កង ឈី អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ លួន ហៀង អាយុ៥០ឆ្នាំ រស់នៅក្នុងមូលដ្ឋានកើតហេតុខាងលើ។

តែមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ប្រាប់ពីទំហំខូចខាតជាទឹកប្រាក់ អោយប្រាកដនោះដែរ តែវាឆេះឆាបទាំងស្រុង និងអាចដល់ការខាត់បង់ជាច្រើនម៉ឺនដុល្លារ៕