(ត្បូងឃ្មុំ)៖ មន្រ្តីគយចល័តបានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ មានរថយន្តធុនធំមួយគ្រឿងលួចឈើប្រណិត ជាង១០តោន បង្កប់ក្រោមទំនិញស្ករស ប្រុងនាំចេញ​ទៅប្រទេស​វៀតណាម តាមច្រករបៀង ត្រូវកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួល​ពីសំណាក់ព្រះរាជអាជ្ញា​ខេត្តត្បូងឃ្មុំ លោក ហៀង សុភ័ក្រ្ត ចាប់បាននៅចំណុចភូមិដង្ហិត ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅយប់ជ្រៅចូលថ្ងៃទី២៤ ខែឧសភានេះ។

មន្រ្តីគយចល័តរូបនោះបានបញ្ជាក់ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើល្មើសច្បាប់ប្រភេទក្រញូង ទម្ងន់ជាង១០តោន (១១១៩០គីឡូ) ដែលត្រូវបានចាប់បាននៅពេលនេះ គឺជាទំនិញល្មើសច្បាប់គយ, នាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់ ។ ឈើខុសច្បាប់នេះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីគយដែលដឹកនាំការបង្រ្កាប។ ចំណែកទំនិញស្ករស មានចំនួន៥៩៧បាវ។   

ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ​ពីសំណាក់កម្លាំង​គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕