(កំពង់ធំ)៖ អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន និងលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បានដឹកនាំមន្រ្តីជំនាញ សហគមន៍មូលដ្ឋាន អាជ្ញាធរមូលដ្ឋាន និងអ្នកសារព័ត៌មានជាច្រើននាក់ ចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែង នៅតំបន់វាលក្រោម ក្នុងភូមិសាស្រ្តឃុំចំណារ ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបញ្ជាក់ឡើងវិញ ឲ្យកាន់តែច្បាស់ ចំពោះការរិះគន់ និងការចុះផ្សាយមួយចំនួនដោយចោទថា អាជ្ញាធរស្រុក ដឹកនាំដោយអភិបាលស្រុកស្ទោង បានកាប់ទន្ទ្រានដីព្រៃលិចទឹកនៅតំបន់នោះ។

នាប៉ុន្មានថ្ងៃនេះមានសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានចុះផ្សាយថា អភិបាលស្រុកស្ទោង លោក ព្រឹម រដ្ឋា ឃុបឃិតជាមួយក្រុមឈ្មួញកាប់ទន្រ្ទានដីព្រៃលិចទឹក ក្នុងតំបន់វាលក្រោម ពោលស្ថិតនៅចំណុចអាងទឹកសហគមន៍ភូមិជីអាប់តែម្តង។ សម្រាប់អាងទឹកសហគមន៍ភូមិជីអាប់ ត្រូវបានអភិបាលស្រុកស្ទោង បញ្ជាក់ថា បានកសាងឡើងក្នុងអំឡុងឆ្នាំ២០០៧ កន្លងទៅដោយការចំណាយថវិកាផ្ទាល់ពីសំណាក់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិចំនួន១៤៨គ្រួសារ ហើយបានបង្កបង្កើនផលរហូតមកដល់សព្វថ្ងៃ។ អាងទឹកសហគមន៍ភូមិជីអាប់នេះ មានផ្ទៃដីចំនួន២២៣ហិកតា និងផ្ទៃដីស្រែ៤៦៧ហិកតា។

អភិបាលស្រុកបានបន្តទៀតថា នៅអំឡុងឆ្នាំ២០១០-២០១១ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរជាតិបឹងទន្លេសាប បានចាត់បញ្ចូលអាងទឹកសហគមន៍ភូមិជីអាប់នេះ ចូលនៅក្នុងតំបន់៣ តែអាជ្ញាធរថ្នាក់ជាតិមួយនេះ ក៏មិនបានហាមឃាត់លើការបង្កបង្កើនផល របស់ប្រជាពលរដ្ឋដែលជាម្ចាស់អាងនោះទេ។

ប៉ុន្តែដោយសារសព្វថ្ងៃនេះ ស្ថានភាពអាងទឹក និងទំនប់ប្រឡាយមានភាព បាក់រាក់ដោយកន្លែងនោះ ហើយទឹកចេះតែហូរទៅបាត់ មិនអាចធ្វើស្រូវប្រាំងបាន១០០ភាគរយនោះ ទើបនៅដើមឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋខ្លួនឯងតាមរយៈមេភូមិ មេឃុំ និងអភិបាលស្រុក ស្នើសុំទៅអភិបាលខេត្ត ធ្វើការជួសជុលទំនប់អាង និងស្តារប្រឡាយដើម្បីអាចរក្សាទឹកទុក លើការធ្វើស្រែប្រាំងនាឆ្នាំខាងមុខទៀត រហូតជួលគ្រឿងចក្រទៅស្តារប្រឡាយរបស់ទំនប់ជាហេតុនាំឲ្យមានចោទប្រកាន់លើការកាប់ទន្ទ្រានដីព្រៃលិចទឹកនេះតែម្តង។

សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ ទីស្តីការគណៈរដ្ឋមន្រ្តី បានសម្រេចថា «ដោយអនុញ្ញាតធ្វើប្រតិភូកម្ម អំណចដល់អាជ្ញាធរខេត្តកំពង់ធំ ដែលមានមន្ទីជំនាញ ពាក់ព័ន្ធ ជាសេនាធិការ មានសិទ្ធ ក្នុងការសម្រេចលើគម្រោងស្នើសុំស្តារ ឬជួសជុលទំនប់ប្រឡាយ ខ្នាតតូច និងមធ្យមសម្រាប់នាំទឹក មកស្រោចស្រពដីស្រែ របស់ប្រជាពលរដ្ឋនៅតំបន់២ និងតំបន់៣ ទៅតាមលក្ខណៈបច្ចេកទេស និងស្ថានភាពជាក់ស្តែង»

តាមការចុះពិនិត្យជាក់ស្តែង នៅនឹងកន្លែងដោយគ្មានការរំលោភ និងកាប់ទន្ទ្រានដីព្រៃលិចទឹកនោះ អភិបាលរងខេត្តលោក គង់ វិមាន បានស្នើសុំឲ្យអ្នកសាព័ត៌មានទាំងអស់ មុននឹងចុះផ្សាយនូវរឿងរ៉ាវនៅក្នុងខេត្ត សូមសាកសួរសុំការបំភ្លឺមករដ្ឋបាលខេត្តមានអភិបាលខេត្ត អភិបាលរង ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាមុនសិន ពីព្រោះការចុះផ្សាយដោយគ្មានការសួរនាំ ដោយយកតែប្រភពមិនច្បាស់ការណ៍ និងមានមូលដ្ឋានត្រឹមត្រូវនោះ នាំឲ្យមានការភ័ស្តច្រឡំ ព្រមទាំងការប៉ះពាល់ដល់កិត្តិខេត្តទាំងមូលផងដែរ។

លោកអភិបាលរងខេត្ត គង់ វិមាន បានបញ្ជាក់នៅទីនោះថា «ការចុះផ្សាយរឿងបុគ្គលវាមិនអីទេ តែនេះការចុះផ្សាយរឿង ដែលពាក់ព័ន្ធនឹងរដ្ឋបាលខេត្ត ដូច្នេះសូមជួយសួរនាំជាមុនផង ដើម្បីបញ្ជៀសការភ័ន្តច្រឡំ»

លោកថា «ក្នុងនាមអាជ្ញាធរខេត្ត យើងសូមស្វាគមន៍ទទួលរាក់ទាក់ និងធ្វើការទំនាក់ទំនងជាមួយអ្នកសារព័ត៌មានជានិច្ច ដោយមានភាពស្និតស្នាល ដើម្បីផ្តល់នូវព័ត៌មានឲ្យគ្នាទៅវិញទៅមក សម្រាប់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋតាមមូលដ្ឋាន»។

លោក អ៉ិត សុធា បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលនៅទីនោះ ឲ្យជួយផ្សព្វផ្សាយ ដល់អ្នកដទៃទៀត ឲ្យមកអាស្រ័យផល តែដាច់ខាតមិនឲ្យមានការកាប់ព្រៃទន្ទ្រានយកដីថ្មីទេ គឺអាស្រ័យផលលើដីចាស់ដែលធ្លាប់មានស្រាប់ ហើយចំពោះការកាប់ព្រៃលិចទឹក ត្រូវបានហាមឃាត់ ព្រោះវាជាជំរកត្រីពងកូន៕