(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ មានរៀបចំពិធីប្រគល់-ទទួលវត្ថុតាង សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន CFC-12 ក្លែងបន្លំម៉ាកសញ្ញា ជាសារធាតុ ហាយដ្រូភ្លុយអរ៉ូកាបូន HFC-134a ចំនួន ១៣៥ធុង ស្មើនឹងទម្ងន់ ១.៨២២គីឡូក្រាម រវាងនាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង នៃក្រសួងបរិស្ថាន ក្រោមអធិបតីភាព លោក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោក ប៉ាក សុខារ៉ាវុត ប្រធាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

ការប្រគល់ និងទទួលនេះ ធ្វើឡើងដោយអនុវត្តតាមលិខិតលេខ៖ ២៣៨៨រប/១៦ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ របស់សាលាដំបូងរាជធានីភ្នំពេញ និងលិខិតលេខ៖ ៥៣៥ ស.ណ.ប.ស្ថ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ របស់ក្រសួងបរិស្ថាន ដោយមានការឯកភាពពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ៕