(រុស្ស៊ី)៖ ភ្លើងឆេះកាន់តែខ្លាំងឡើង បានរីករាលដាលនៅភាគខាងកើតរបស់ប្រទេសរុស្ស៊ី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលសរុបផ្ទៃដីដែលបានរងការបំផ្លាញកន្លងមកនេះមាន ១៥,៨០០ហិកតា។ នេះបើតាមការចេញផ្សាយ មុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

នាយកដ្ឋានព្រៃឈើរុស្ស៊ី បានបញ្ជាក់នៅថ្ងៃចន្ទនេះទៀតថា ភ្លើងឆេះព្រៃបានកើតឡើងចំនួន ៦០ ទីតាំងនៅភាគខាងកើតរុស្ស៊ី ក្បែរតំបន់ឧបទ្វីបកូរ៉េ និង ព្រំដែនជាមួយប្រទេសចិន។ រហូតដល់ចុង សប្តាហ៍មុននេះភ្លើងឆេះតែ ១៩ទីតាំងប៉ុណ្ណោះទើបត្រូវបានពន្លត់ ហើយដោយឡែក ៤១ទីតាំងទៀត ភ្លើងនៅតែបន្តឆាបនៅឡើយ ក្នុងនោះ ២៧កន្លែងនៅតំបន់ Amur និង ១៣កន្លែងទៀតនៅតំបន់ Khabarovsk។

គួរបញ្ជាក់ថា គិតមកដល់ខែឧសភា ក្នុងអំឡុងឆ្នាំ ២០១៦នេះ រុស្ស៊ីបានទទួលរងករណីភ្លើងឆេះព្រៃ ចំនួន ៦២៦កន្លែងច្រើនជាងពេលវេលាដូចគ្នាកាលពីឆ្នាំ ២០១៥ ទៅទៀត។ អគ្គីភ័យបាន ឆាបឆេះខ្លាំងដោយសារតែអាកាសធាតុក្តៅស្ងួត ដែលមិនធ្លាប់កើតមានជាយូរឆ្នាំមកហើយ៕