(ប៉ៃលិន)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិស្ពុង និងភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលក្រៅ ខេត្តប៉ៃលិន កំពុងប្រឈម និងការគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ខណៈក្រុម​ហ៊ុនបំផ្ទុះថ្មភ្នំស្ពុង ក៏ព្រោះតែពេល​សកម្មភាពម្តងៗ បណ្តាលខ្ទាចថ្មធំៗ ចំផ្ទះសម្បែង​របស់ពួកគេ រហូតមានស្នាមប្រេះស្រាំ ជាពិសេសនោះ។

ប្រជាពលរដ្ឋរស់នៅ ទល់មុខទីតាំងខាងលើ បានប្រាប់ថា «រាល់ថ្ងៃនេះ ពួកខ្ញុំធុញណាស់ រឿងឡានដឹកថ្មចេញ វាជ្រុះដាក់លើផ្លូវជាតិលេខ៥៩ ចំមុខផ្ទះតែម្តង ហើយពួកខ្ញុំបោសសំអាតថ្ម ធ្លាក់ពីលើ​ឡានរាល់ពេល។ កាលពីប៉ុន្មានខែមុខ មានករណីខ្ទាចថ្មពីភ្នំ ដែលក្រុមហ៊ុនដាក់បំផ្ទុះថ្ម ស្រាប់តែមានថ្មទំហំប្រមាណជា៣សង់ទីម៉ែត្រ ខ្ទាតមកដល់ផ្ទះខ្ញុំ ដែលចំងាយ​ពីភ្នំជាង២០០ម៉ែត្រ តែសំណាងមិនប៉ះអ្នកណាម្នាក់នោះឡើយ ប្រសិនជាប៉ះចំវិញ​មិនរស់ទេ បើធ្លាក់ចំកន្លែងណា ខ្ទេចកន្លែងនោះជាមិនខានទេ ដូច្នេះហើយខ្ញុំភ័យណាស់»។ ប្រជាពលរដ្ឋជាច្រើននាក់ បានរៀបរាប់បន្ថែមថា រាល់ថ្ងៃនេះ ក្រុមហ៊ុនមានការដាក់បំផ្ទុះថ្មភ្នំជាញឹកញាប់ ធ្វើឲ្យពួកគាត់ មានការភ័យខ្លាច ព្រួយបារម្ភពីសុវត្ថិភាពកូន ចៅ និងខ្លួនឯងខ្លាំងណាស់ ឲ្យតែក្រុមហ៊ុន បានដាក់រំសេវបំផ្ទុះថ្មភ្នំ ហុយមកដាក់ពួកគាត់ ធ្វើឱ្យឲ្យប៉ះពាល់ផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរ ដូច្នេះហើយ​សូមសំណូមពរដល់អាជ្ញាធរ ជំនាញគិតគូបញ្ហា​នេះផងដែរ មិនដូច្នោះពួកគាត់ និងរស់នូវភាពភ័យខ្លាចជាមិនខាននោះទេ។ លើសពីនេះទៅទៀត ពួកគាត់បានសំណូម​ពរ​ឲ្យអាជ្ញាធរ មេត្តាគិតគូរបញ្ហារ៉ាំរ៉ៃអស់ជិត១០ឆ្នាំមកហើយ មិនមានវិធានចាត់ការជូនប្រជាពលរដ្ឋឡើយ។ លោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឲ្យដឹងថា «ក្រុមហ៊ុនខាងលើជារបស់លោក សា ចំរើន ហៅតាអឿង ហើយខាងអាជ្ញាធរយើង បានណែនាំច្រើនដង ហើយខាងខេត្ត ក៏ធ្លាប់មកណែនាំ  ចំពោះរថយន្តដែលដឹកថ្ម គ្រួសនោះគឺយើងក៏បានណែនាំដែរ តែមិនដឹងថាម៉េច ចឹងមានតែប្អូន សុំទៅខេត្តបន្តិចទៅ»

លោកបានបន្តថា បញ្ហានេះលោកបានរាយការណ៍ ជូនខេត្តរហូតមកហើយ តែចំពោះម្ចាស់ក្រុមហ៊ុននេះគេស្គាល់ ជាមួយខេត្ត ចឹងមានតែប្អូនសួរទៅខេត្តចុះ។ ពាក់ព័ន្ធបញ្ហានេះដែរអង្គភាព  Fresh News មិនអាចទាក់ទងម្ចាស់ក្រុមហ៊ុនឡើយនោះទេ ដោយសារតែគ្មានលេខទូរស័ព្ទ៕