(អេហ្ស៊ីប)៖ ក្រុមជំនាញផ្នែកអាកាសចរណ៍របស់អេហ្ស៊ីប បានលើកឡើងថា យន្តហោះ EgyptAir MS804 មិនមែនធ្លាក់ដោយសារ ភេរវករវាយប្រហារនោះទេ ពីព្រោះគេអាចចាប់បានសំឡេងរបស់ ពីឡុត ដែលព្យាយាមទាក់ទងមកកាន់ ក្រុមត្រួតពិនិត្យផ្លូវអាកាសតែប៉ុន្មាននាទីប៉ុណ្ណោះ មុនយន្តហោះខាងលើនេះបាត់ដំណឹង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន អង់គ្លេស នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

អាជ្ញាធរអេហ្ស៊ីប ទើបបង្ហើបព័ត៌មានកាលពីយប់ថ្ងៃអាទិត្យថា ផ្នែកអាកាសចរណ៍ក្នុងស្រុកបានទាក់ទង និង និយាយគ្នា ជាមួយពីឡុតលើយន្តហោះ EgyptAir MS804 ជាច្រើននាទីមុននឹងយន្តហោះបាត់ដំណឹង។

តាមការវិភាគសំឡេងរបស់ ពីឡុតនោះ គឺអគ្គិភ័យបានឆាបឆេះលើយន្តហោះ ដែលជាហេតុនាំឲ្យ ពីឡុតត្រូវចាត់វិធានការបន្ទាន់ដោយ ចេញការប្រកាសអាសន្ននៅក្នុងយន្តហោះ។

គួរបញ្ជាក់ថា ការប្រកាសអាសន្ននោះ គឺដើម្បីឲ្យគ្រប់គ្នាទាំងអស់ត្រៀមខ្លួន ព្រោះយន្តហោះនឹងធ្វើ ការចុះចតជាបន្ទាន់ ដែលទំនងជានៅលើផ្ទៃសមុទ្រតែម្តង។ អគ្គិភ័យត្រូវបានគេជឿជាក់ថា បានឆាបឆេះនៅផ្នែកខាងមុខរបស់យន្តហោះ ក៏ប៉ុន្តែក្រោយពីការសម្រេចថា នឹងចុះចតជាបន្ទាន់ នោះយន្តហោះ EgyptAir MS804 ក៏បានបាត់ទំនងទំនងជាមួយអាជ្ញាធរចរាចរណ៍ដែនអាកាស នៅលើទឹកដីអេហ្ស៊ីបតែម្តង៕