(ដាម៉ាស់)៖ កងទ័ពអាមេរិក និង សម្ព័ន្ធមិត្តដែលកំពុងឈរនៅប្រទេសស៊ីរីបានព្រមានថាពួកគេ កំពុងតែកំណត់មុខសញ្ញាធំ គឺការវាយប្រហារកម្ទេចរដ្ឋធានីរបស់ពួក ISIS តែម្តង ហើយក៏នឹងយក ជីវិតមេដឹកនាំក្រុមភេរវករលេខ១លើកពិភពលោកនេះឲ្យបានផងដែរ។ នេះបើតាមការចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦។

គួរបញ្ជាក់ថាទីក្រុងធំបំផុត ជាមូលដ្ឋានស្នូលរបស់ក្រុម ISIS ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី នៃទីក្រុង al-Raqqa ដែលត្រូវបានគ្រប់គ្រងរយៈពេលពីរឆ្នាំមកហើយ បន្ទាប់ពីមូលដ្ឋាននៅ ប្រទេសអ៊ីរ៉ាក់ចុះខ្សោយ។ អាមេរិក និងក្រុមសម្ព័ន្ធមិត្តបានថ្លែងជារួមដូច្នេះ ថា «ការរៀបចំ គឺបានរួចរាល់អស់ហើយ ដើម្បីបោះជំហានទៅមុខប្រសិនបើគ្រប់គ្នា ព្រមព្រៀង នោះនឹងយើងបើកការវាយប្រហារ ទៅតាមអ្វីដែលព្រះចង់ឲ្យយើងធ្វើ»។

អ្វីដែលគេមើលឃើញច្បាស់ពេលនេះ គឺកងកម្លាំងរបស់ក្រុម ISIS បានថមថយកាន់តែខ្លាំងហើយ ទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយសារតែការវាយសង្គ្រប់របស់កងទ័ពសម្ព័ន្ធមិត្ត និងការទទួលបានជំនួយកាន់តែតិចទៅៗពីសំណាក់ មូលធនសម្ងាត់ដែលតែងតែជួយ ISIS កន្លងមក៕