(ភ្នំពេញ)៖ គណនីបណ្តាញសង្គម Tik Tok របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការផ្សព្វផ្សាយពីឈ្មោះ និងវត្តមានសត្វព្រៃនៅតាមតំបន់ការពារធនធានធម្មជាតិរបស់កម្ពុជា។

គិតមកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ គណនី Tik Tok របស់លោក នេត្រ ភក្ត្រា មានអ្នកលេញបញ្តាញសង្គមមួយនេះ ចុច Likes គាំទ្រជិត ១លានLikes និងអ្នក Followes ជិត ៧ម៉ឹននាក់។

ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋខ្មែរឱ្យបានស្គាល់ពីសត្វព្រៃ និងជាប្រភេទសត្វកម្រៗនៅកម្ពុជានោះ លោក នេត ភក្ត្រា បានរៀបចំវីដេអូបង្ហាញប្រភេទសត្វនីមួយៗថតបានដោយកាមេរាបង្កប់នៅតាមព្រៃ និងរៀបរាប់ព័ត៌មានពាក់ព័ន្ធនឹងប្រភេទសត្វទាំងនោះ។ វីដេអូសត្វព្រៃទាំងនេះ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកលេងបណ្តាញសង្គម Tik Tok។

មានវីដេអូខ្លះ ទទួលបានការចុចមើលរហូតជិត ១លានដង, វីដេអូខ្លះ មានអ្នកចុងមើលជាង ៣០ម៉ឺនដង ២០ម៉ឺន និងខ្លាំងជាង ១០ម៉ឺនដង។ ក្រៅតែពីចុចមើលវីដេអូទាំងនេះ ត្រូវបានចែកចាយយ៉ាងច្រើនផងដែរ។

ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា «នេះជាយុទ្ធសាស្ត្រក្នុងការងារផ្សព្វផ្សាយអំពីធនធានធម្មជាតិ សត្វព្រៃនៅកម្ពុជា ជាពិសេសផ្តល់នូវចំណេះដឹងអំពីប្រភេទសត្វព្រៃផ្សេងៗដែលកម្ពុជាមានដើម្បីបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យកាន់តែស្រឡាញ់ធនធានធម្មជាតិ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ»

មន្ត្រីនាំពាក្យរូបនេះ បានបញ្ជាក់ថា កម្ពុជាត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលសម្បូរណ៌ដិយជីវៈចម្រុះដែលមានប្រមាណ ៥,០០០ប្រភេទ។ ប្រភេទសត្វខ្លះជាសត្វកម្រដែលប្រជាពលរដ្ឋមិនដែលស្គាល់ ឬឮតែឈ្មោះ តែមិនដែលបានឃើញរូបរាងវា។ ដូច្នេះ ការផ្សព្វផ្សាយពីប្រភេទសត្វគ្រប់ប្រភេទជូនដល់បងប្អូនប្រជាពលរដ្ឋជាផ្នែកមួយបង្កើនការយល់ដឹងពីវត្តមានសត្វនៅកម្ពុជា និងចូលរួមការពារ និងអភិរក្ស។

លោករដ្ឋលេខាធិការ បានថ្លែងថា៖ «សម្រាប់ការផ្សព្វផ្សាយអំពីឈ្មោះ និងវត្តមានសត្វព្រៃ តាមរយៈបណ្តាញសង្គមមួយនេះ វាគឺជាការបញ្ជ្រាបគ្រប់មធ្យោបាយទាំងអស់នូវព័ត៌មានអំពីសត្វព្រៃក្នុងន័យធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់បានទទួលព័ត៌មានពីវត្តមានសត្វនៅកម្ពុជា និងចូលរួមជាមួយក្រសួងបរិស្ថាន និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ការពារសត្វព្រៃឱ្យនៅគង់វង្ស»

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រូបភាពដែលបានផ្សព្វផ្សាយ គឺបានមកពីការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិរបស់មន្ត្រីជំនាញនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ ព័ត៌មានពីសត្វព្រៃដែលទទួលបាននេះ បានបង្ហាញពីមោទកភាពដែលកម្ពុជាមានប្រភេទសត្វជាច្រើនដែលពេលខ្លះជាប្រភេទសត្វកម្រដែលពិភពលោកមិនមានតែកម្ពុជាមាន។

លោក នេត្រ ភក្ត្រា បានបន្ថែមថា៖ «ការផ្សព្វផ្សាយនេះក៏ជាផ្នែកមួយបណ្តុះស្មារតីស្រឡាញ់សត្វព្រៃ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចូលរួមទប់ស្កាត់ និងបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងបញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់សត្វ»

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់បណ្តាញសង្គមបានចូលរួមគាំទ្របណ្តាញសង្គម Tik Tok របស់លោកដោយបានថ្លែងថា៖ «ខ្ញុំនឹងខិតខំស្រាវជ្រាវ និងផ្សព្វផ្សាយនូវប្រភេទសត្វព្រៃនានាដែលកម្ពុជាមាន ជាការចែករំលែកចំណេះដឹងផង និងចូលរួមអភិរក្សផង និងសូមបងប្អូនជួយចូលរួមគាំទ្រឱ្យបានច្រើន»

@nethpheaktra335 #ឆ្កែព្រៃ #កម្ពុជា #ធនធានធម្មជាតិ #សត្វព្រៃ #សន្តិភាព #Cambodia #khmertiktok2021 #តំបន់ការពារធម្មជាតិ #អភិរក្ស #មន្ត្រីឧទ្យានុរក្ស ♬ original sound - nethpheaktra335