(កំពង់ចាម)៖ លោកវេជ្ជបណ្ឌិត Takeshi Kasai នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការសុខភាពពិភពលោក មានការស្ងប់ស្ងែងចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែកសម្រាប់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។

លោកវេជ្ជបណ្ឌិតTakeshi Kasai បានលើកឡើងដូច្នេះ ក្នុងឱកាសជំនួបសម្ដែងការគួរសមរវាងរដ្ឋបាលខេត្តកំពង់ចាម និងប្រតិភូអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ជំងឺកូវីដ១៩ចាប់ផ្ដើមចូលមកដល់ដំបូងក្នុងខេត្តកំពង់ចាមនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ តាមរយៈកប៉ាល់ទេសចរណ៍មួយគ្រឿងមកពីប្រទេសវៀតណាម។ បន្ទាប់មកក៏មានការឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ចូលក្នុងសហគមន៍ តើអ្នកជំងឺត្រូវបានអាជ្ញាធរនាំមកព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈមានដូចជាសាលារៀនចំនួន២៧កន្លែងសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ពិសេសគឺព្រឹត្តិការណ៍២០កុម្ភៈ និងកន្លែងព្យាបាល៣ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដចាប់ពីកម្រិតធ្ងន់ កម្រិតមធ្យម និងកម្រិតស្រាល។ ប៉ុន្តែមកដល់ពេលនេះត្រូវបានបិទបញ្ចប់ទាំងស្រុង ដោយសារជំងឺកូវីដ១៩បានធូរស្រាល ដោយឡែកចំពោះមន្ទីពេទ្យមេគង្គកំពង់ចាមនៅរក្សាបង្ការក្រែងមានឆ្លងជម្ងឺនោញឡើងវិញ។

លោកអភិបាលខេត្តបានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៨,៦២៧នាក់ បានព្យាបាលជាសះស្បើយចំនួន៨,២៨៥នាក់ ស្លាប់ចំនួន៣៤២នាក់។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចំពោះការងារចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋ ថ្វីដ្បិតតែជំងឺនេះមានភាពធូស្រាលយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តនៅតែជំរុញឱ្យប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ជាបន្តបន្ទាប់ ក្នុងនោះ ការចាក់ដូសទី១បាន៨០%នៃផែនការ, ដូសទី២បាន៧៤%នៃផែនការ, ដូសទី៣បាន៦១%នៃផែនការ, ដូសទី៤បាន១៤%នៃផែនការ និងមកដល់ពេលនេះ មន្ត្រីជួរមុខបានចាក់ម្ជុលទី៥ហើយ។ ជាមួយគ្នានេះដែររដ្ឋបាលខេត្តបានដាក់ចេញនូវផែនការដោយបង្កើតក្រុមគ្រូពេទ្យជិត២០០ក្រុមចុះចាក់ជូនប្រជាពលរដ្ឋតាមភូមិ ដោយមួយភូមិ បរើពេល២ថ្ងៃ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីខែមេសា ពេលចូលឆ្នាំខ្មែរកន្លងទៅនេះ មិនមានអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តកំពង់ចាមនោះទេ នេះដោយសារប្រជាពលរដ្ឋបានទទួលវត្តសាំងស្ទើរតែគ្រប់គ្នាទៅហើយ។

នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៃអង្គការសុខភាពពិភពលោក បានថ្លែងក្នុងឱកាសនៅថា រដ្ឋបាលខេត្តកំពង់ចាមបានប្រើប្រាស់យុទ្ធសាស្ត្រលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះជំងឺកូវីដ១៩។ ដូច្នេះនៅពេលដែលមានប្រជាជននៅក្នុងសហគមន៍មានសុខភាពល្អ គឺអាចឈានទៅរកការអភិវឌ្ឍ និងការសំបូរសប្បាយនៅក្នុងសង្គមផងដែរ ពោលគឺការពង្រឹងវិនិយោគទៅលើប្រព័ន្ធសុខាភិបាល វាមិនមែនជាបន្ទុកទេ។ ប៉ុន្តែវាគឺជាការវិនិយោគមួយដ៏ត្រឹមត្រូវដែលជួយឲ្យសង្គម និងផ្នែកផ្សេងៗមានការលូតលាស់ និងអភិវឌ្ឍន៍។

លោកវេជ្ជបណ្ឌិតTakeshi Kasai បានបន្តថា ជាង២ឆ្នាំកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្ដេជ្ញាចិត្តថា និងកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ រហូតមកដល់ពេលនេះ តាមការសង្កេតរបស់លោកឃើញថា អត្រាមរណភាពរបស់ទារក និងមាតា គឺមានការថយចុះមែន។ ទន្ទឹមនឹងនេះ លោកពិតជាមានការស្ងប់ស្ងែងចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាមក្នុងការប្រើយុទ្ធសាស្ត្រ ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលវ៉ាក់សាំងការពារ ការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍៕