(ភ្នំពេញ)៖ ផ្សារកណ្តាលដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ និងមានអាយុកាលជាយូរណាស់មកហើយនោះ ឥឡូវនេះត្រូវប្រឈមការទ្រុឌទ្រោមយ៉ាងខ្លាំង ជាពិសេសផ្សារថ្ម ដែលមានសសរចាស់ៗ អាចការបាក់ស្រុតក៏ថាបានដោយយថាហេតុ។

ដោយហេតុថា ស្ថានភាពផ្សារកណ្តាលកាន់តែចាស់ទ្រុឌទ្រោមនោះ និងម្យ៉ាងទៀតដើម្បីជួយលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញខ្លាំងឡើង ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានផ្តួចផ្តើមគំនិតចង់អភិវឌ្ឍន៍ផ្សារ ឲ្យក្លាយជាកន្លែងលក់ដូរ ដ៏ល្អប្រសើរ។ ប៉ុន្តែគម្រោងចង់អភិវឌ្ឍន៍ផ្សារកណ្តាលត្រូវធ្វើឡើងទៅរួច លុះត្រាតែមានការយល់ព្រម និងការឯកភាពពីក្រុមអាជីវករទាំងអស់ដែលមានតូបលក់ដូរនៅក្នុងផ្សារ និងការលក់ដូរចល័ត។

ជាមួយនឹងគម្រោងមួយនេះ លោក ចាប ឌីណា ប្រធានផ្សារកណ្តាល នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ បានជួបជាមួយក្រុមអាជីវករនៅក្នុងផ្សារ មកជជែកពិភាក្សា ដើម្បីពន្យល់ ហើយទទួលយោបល់ មតិពីពួកគាត់ ថា តើពួកគាត់ចង់បានអ្វីខ្លះ? និងចង់ឲ្យមានការអភិវឌ្ឍន៍ដែរឫទេ?

នៅចំពោះមុខក្រុមអាជីវករជាច្រើននាក់ លោក ចាប ឌីណា បានលើកឡើងនូវគុណសម្បត្តិ និងផលប្រយោជន៍យ៉ាងច្រើន ក្រោយពេលផ្សារនេះបានត្រូវសាងសង់រួចជាស្ថាពរ។ ផលប្រយោជន៍ដែលនឹងទទួលបាននោះ ត្រូវបានប្រធានផ្សារកណ្តាលរូបនេះពន្យល់ថា សម្រាប់តូបរបស់បងប្អូនអាជីវករចាស់ទាំងប៉ុន្មាន មានទំហំប៉ុណ្ណា នៅកន្លែងណា នោះនឹងទទួលបានដូចដើម ពោលគ្មានការបាត់បង់នោះឡើយ។

ដោយឡែកសម្រាប់ក្រុមអាជីវរលក់ចល័តវិញ ក្រោយពេលសាងសង់រួចនោះ នឹងមានប័ណ្ណកម្មសិទ្ធិមួយ មិនដូចស្ថានភាពលក់ដូរនៅពេលនេះទេ ដែលត្រូវបានគេដេញពេលណាក៏បាន។

ដោយឡែកការសាងសង់វិញ គឺរដ្ឋជាអ្នកទទួលបន្ទុក មិនត្រូវបានអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជាអ្នកសាងសង់ធ្វើនោះឡើយ ព្រមទាំងគ្មានការបង់ថ្លៃអ្វីទៀតនោះទេ។

យ៉ាងណាក៏ដោយ លោក ចាប ឌីណា បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងអភិវឌ្ឍន៍ផ្សារកណ្តាល គឺគ្មានស្ថិតនៅលើការសម្រេចរបស់អភិបាលក្រុង អភិបាលខណ្ឌ និងលោកជាប្រធានផ្សារនោះទេ ពោលគឺស្ថិតនៅលើការសម្រេចចិត្តរបស់បងប្អូនអាជីវករទាំងអស់ បើសិនបងប្អូនមិនយល់ព្រមនោះ ក៏គ្មានការអភិវឌ្ឍន៍ផងដែរ។

នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ មានបងប្អូនក្រុមអាជីវករមួយចំនួន បានមកប្រមូលផ្តុំនៅខាងមុខផ្សារតែម្តង ដើម្បីបញ្ចេញយោបល់របស់ពួកគាត់។ ក្រុមអាជីវករភាគច្រើនយល់​ ព្រមឲ្យមានការអភិវឌ្ឍន៍ផ្សារឡើងវិញ ដើម្បីភាពប្រសើរឡើង តែក៏មានក្រុមអាជីវករមួយចំនួន មិនយល់ព្រមផងដែរ ក៏ព្រោះតែពួកគេព្រួយបារម្ភថា ការលើកឡើងរបស់អាជ្ញាធរ នឹងមិនត្រូវបានធ្វើជូនក្រោយផ្សារសាងសង់រួច ដូច្នេះពួកគាត់សុំឲ្យថ្នាក់ដឹកនាំ ចេញមកបញ្ជាក់ និងការធនាមួយដ៏ត្រឹមត្រូវបំផុត ខណ:ដែលក្រុមអាជីវករខ្លះទៀត នៅចង់តែបានស្ថានភាពផ្សារដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា តូបទាំងអស់នៅក្នុងផ្សារកណ្តាល មានជាង៨០០តូប ប៉ុន្តែស្ថានភាពផ្សារថ្មនៅចំកណ្តាលនោះ គឺចាស់ទ្រុឌទ្រោមយ៉ាងខ្លាំង ជាហេតុនាំឲ្យថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ចង់ឲ្យមានការអភិវឌ្ឍន៍នោះ។