(កណ្ដាល)៖ ជាចំណងដៃថ្មីសម្រាប់ប្រជាពលរដ្ឋស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបើកសម្ពោធជាផ្លូវការនូវផ្លូវបេតុងអាមេ១ខ្សែ ប្រវែង២,០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០.២ម៉ែត្រ នៅភូមិបារាជ និងភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល តភ្ចាប់នឹងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម។

ក្នុងពិធីសម្ពោធដែលធ្វើឡើងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញនោះ លោក គង់ សោភ័ណ្ឌ បានលើកឡើងថា ការកសាងនិងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរដែលជួយសម្រួលដល់លំហូរដោយសេរីលើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

លោកបន្តថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេនាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

លោកបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកធនធានមនុស្សជាអាទិភាពនៅគ្រប់ដំណាក់កាលនៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសនៅក្នុងដំណាក់កាលទី៣ និងទី៤នេះ រាជរដ្ឋាភិបាលបានកំណត់យកធនធានមនុស្សជាអាទិភាពទី១ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ មានផ្លូវមានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ និងមានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេខាងលើនេះ គឺជាការជួយឧបត្ថម្ភដោយលោកឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយកក្រុមហ៊ុនបុរីវីឡាទួលសង្កែស៊ីធីបុរីវីឡាទួលសង្កែ និងលោកស្រី ដោយបានចូលរួមជួយកសាងផ្លូវផ្លូវបេតុងអាមេប្រវែង១,១០០ម៉ែត្រ ចាប់ពីមុខវត្តអរិយក្សត្រ ដែលមានទទឹង៩ម៉ែត្រ និងកម្រាស់០.២ម៉ែត្រ និងលោកឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុនបុរីចតុមុខស៊ីធី និងលោកស្រីបានឧបត្ថម្ភផ្លូវបេតុងអាមេប្រវែង៨១០ម៉ែត្រ ទទឹង៩ម៉ែត្រ ប្រើប្រាស់ថវិការអស់១៨២,២៥០ដុល្លារសហរដ្ឋអាមេរិក៕