(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តរបរបសន្ដិសុខសង្គមផ្នែកសោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ។ នេះបើតាមប្រកាសអន្ដរក្រសួង របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃច្បាប់ស្ដីពីការងារ។

អនុក្រឹត្យនេះ មានគោលបំណងដាក់ឲ្យដំណើរការ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ តាមរយៈការកំណត់យន្តការ លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន អត្រាភាគទាន អត្រាសមាច័យ ការទាមទារ និងការផ្តល់តាវកាលិក។

អនុក្រឹត្យនេះមានវិសាលភាពអនុវត្ត ចំពោះបុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដោយរាប់បញ្ចូលទាំងបុគ្គល ដែលធ្វើការចាប់ពី២ (ពីរ) កន្លែងឡើងទៅ៕