(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមកិច្ចការងារសង្គម និងគាំទ្រដល់សកម្មភាពមនុស្សធម៌ លើការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ​ នៅតាមទីជនបទដោយឥតគិតថ្លៃ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ មជ្ឈមណ្ឌលពេទ្យភ្នែកផាកវ៉េ នៃប្រទេសសឹង្ហបុរី និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ​ (TYDA) បានចុះអានុស្សារណៈយោគយល់គ្នា​មួយ ដើម្បីធ្វើសកម្មភាពមនុស្សធម៌។

លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានថ្លែងថា បេសកកម្មរបស់សមាគមគឺផ្តល់សេវាសុខាភិបាល ដល់ប្រជាពលរដ្ឋក្រីក្រ ដោយមិនគិតប្រាក់ មិនប្រកាន់និន្នាការនយោបាយ ឫសាសនាអ្វីឡើយ។ លទ្ធផលនៃកម្មភាពមនុស្សធម៌របស់ TYDA គឺបានមកពីការចូលរួមកម្លាំងស្ម័គ្រចិត្ត និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលកន្លងមកយើងបានចុះព្យាបាល ទៅតាមទីជនបទ បណ្តាខេត្តនានា តាមអង្គការក្មេងកំព្រា តាមសហគម រោងចក្រហើយបានពិនិត្យ និងព្យាបាលប្រជាពលរដ្ឋបានជាង១៤ម៉ឺននាក់ នៅទូទាំងប្រទេស មិនតែប៉ុណ្ណោះ សមាគមបានបញ្ជូនអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរមកវះកាត់ និងព្យាបាលបន្តនៅភ្នំពេញផងដែរ។

លោកបានបញ្ជាក់ថា «សមាគមនឹងផ្តល់សេវាសុខាភិបាលមនុស្សធម៌ ជូនដល់ប្រជាពលដើម្បីលើកកម្ពស់សុខភាពប្រជាជន និងរួមចំណែក ការកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាល ហើយសង្ឃឹមថាមជ្ឈមណ្ឌលពេទ្យភ្នែកផាកវ៉េ​ នៃប្រទេសសឹង្ហបុរី និងនៅជាដៃគូរបន្តកិច្ចសហប្រតិបត្តិការនេះ​ ជាមួយសមាគមបន្តទៅទៀត»

លោក វេជ្ជបណ្ឌិត Chua Wei Han នាយកវេជ្ជសាស្រ្តនៃមជ្ឈមណ្ឌលពេទ្យភ្នែកផាកវ៉េ នៃប្រទេសសឹង្ហបុរីបានថ្លែងថា ដោយសាតែលោកបានឃើញផ្ទាល់ ពីសកម្មភាពមនុស្សធម៌របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ដែលបានចុះជួយពិនិត្យនិងព្យាបាលជំងឺផ្ទាល់​ ទៅដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមមូលដ្ឋាន ដោយឥតគិតថ្លៃប្រកបដោយឆន្ទៈ និងទឹកចិត្តមនុស្សធម៌ លោកនិងក្រុមគ្រូពេទ្យរបស់លោក ពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទនភាពណាស់ ដែលមានឱកាស បានចូលរួមធ្វើសកម្មភាពមនុស្សធម៌ ជាមួយសមាគម TYDA។

លោកបានបន្តថាមជ្ឈមណ្ឌលពេទ្យភ្នែកផាកវ៉េ ចូលរួមជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីធ្វើសកម្មភាពមនុស្សធម៌ ជូនប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងសកម្មមនុស្សធម៌នៅក្នងប្រទេសកម្ពុជា មជ្ឈមណ្ឌលពេទ្យភ្នែកផាកវ៉េ នៃប្រទេសសឹង្ហបុរី​ បានចូលរួមសកម្មមនុស្សធម៌ជាមួយ TYDA ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅខេត្តកណ្តាល និងបានសហការជាមួយ TYDA និងមន្ទីពេទ្យអង្គឌួង ពិនិត្យវះកាត់និងព្យាបាលប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ៕