(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣ករណី។ ក្រសួងសុខាភិបាល ក៏ប្រកាសពីចំនួនអ្នកឆ្លងកូវីដ១៩ ដែលរកឃើញចំនួន ៣ករណី នៅថ្ងៃនេះផងដែរ។

នៅក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កូវីដ១៩ បានងើបឡើងវិញ ដែលកាលពីថ្ងៃទី២៩ ខែមិថុនា ក្រសួងប្រកាសពីការរកឃើញ ១០ករណី ហើយថ្ងៃទី៣០ ខែមិថុនា បានប្រកាសរកឃើញមាន ៧ករណី និងថ្ងៃទី១ ខែកក្កដា រកឃើញ ៣ករណី។

សម្តេចបានបន្តថា សូម្បីតែអ្នកចូលរួមកម្មវិធីថ្ងៃនេះ ក៏មានអ្នកឆ្លង ៦នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញមានម្នាក់។ ខណៈពេលដែលអ្នកវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានរកឃើញបន្តបន្ទាប់ឡើងវិញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានទទូចប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវតែបន្តការប្រុងប្រយ័ត្នបន្តទៀត ដើម្បីចៀសវាងនូវការឆ្លង ព្រោះយើងមិនទាន់ចប់ទេនូវបញ្ហាទាក់ទងទៅនឹងកូវីដ១៩។ យើងគ្រាន់តែបានទប់ស្កាត់វា កុំឲ្យធ្លាក់ក្នុងជ្រោះមរណៈប៉ុណ្ណោះ។ ថ្ងៃទី១៩ ប្រកាសរកឃើញ ៣០ករណី ថ្ងៃទី៣០ រកឃើញ ៧ករណី និងថ្ងៃនេះ រកឃើញ ៣ករណី។ យើងមិនដឹងថាមានប៉ុន្មានទៀត ព្រោះយើងចុះបញ្ជីតែករណីធ្វើតេស្តដោយ PCR ទេ។ អញ្ចឹងអ្នកដែលតេស្តឃើញដោយតេស្តរហ័ស ត្រូវតែបញ្ជាក់ដោយ PCR បន្ថែម ដើម្បីរកថាវាជាប្រភេទអី ជាដែលតា អាល់ហ្វា ឬអូមីក្រុង ឬអូមីក្រុងប្លែងភេទ»

សម្តេចមានប្រសាសន៍បន្ត «ដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើងទទួលបាននូវសុវត្ថិភាព បើទោះបីជាឆ្លងក៏មិននាំដល់ការស្លាប់ ឬភាពធ្ងន់ធ្ងរ គឺសូមមេត្តារឿងតែមួយគត់ គឺចាក់វ៉ាក់សាំង»

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់។

គិតត្រឹមយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៨៨,៣៧៧នាក់។

យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៣១,៦៤៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤០,៨៨១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៦,៤៩៣នាក់
៤៖ អាយុ៥ឆ្នាំ ៤១០,៣២៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤២៧,០៣០នាក់។

ដោយឡែក សម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,៤៨០,០៩៨នាក់, ដូសទី៤ចំនួន ២,៩២៤,១៨២នាក់ និងដូសទី៥ចំនួន ៣០០,៩៣៤នាក់៕