(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្វពិធីអបអរសាទរខួបលើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ឆ្នាំ១៩៥១-២៨ មិថុនា ឆ្នាំ២០២២) ក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មកាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តា់ល ក្រុមការងារថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។

នៅក្នុងឱកាសដថ្លៃថ្លានេះ លោក មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេច លោកជំទាវ ជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្ញើជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់នូវសព្វសាធុការពរ ជោគជ័យថ្មីៗក្នុងការអនុវត្តភារកិច្ចជូនបក្សបានទទួលជោគជ័យកន្លងមកនេះ។

លោក មាស សុភា ក៏បានថ្លែងនូវការចូលរួមអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅខេត្តព្រះវិហារ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥កន្លងមកនេះ។ លោកថា «លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសជាផ្លុវការហើយ ១៧គណបក្សដែលបានចូលរួមគឺសុទ្ធតែទទួលបានលទ្ធផល គណបក្សខ្លះបានលទ្ធផលច្រើន គណបក្សខ្លះបានលទ្ធផលតិច ហើយបានបង្ហាញឱ្យឃើញពីការអនុវត្តនូវរបបសេរីពហុបក្ស លទ្ធិប្រជាធិបតេយ្យ កំពុងបានអនុវត្តយ៉ាងរឹងមាំយ៉ាងពេញទំហឹងនៅកម្ពុជា»

លោក មាស សុភា បានថ្លែងបញ្ជាក់ថា លទ្ធផលបោះឆ្នោតគឺមានអាត្រាខ្ពស់ណាស់នៅកម្ពុជា បើប្រៀបធៀបជាមួយប្រទេសមួយចំនួន គឺប្រជាពលរដ្ឋខ្មែរចំនួន៨០.៣២% បានទៅចូលរួមបោះឆ្នោត ប្រទេសខ្លះប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតមានជាង ៣០%ទៅ៥០%តែប៉ុណ្ណោះ។ នេះបញ្ជាក់ឱ្យឃើញពីការទទួលខុសត្រូវក្នុងតួនាទីចំពោះរដ្ឋ របស់ប្រជាពលរដ្ឋយើងគឺខ្ពស់ណាស់ ហើយគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រច្រើនរហូតជា៧៤% ជាចំនួនមួយច្រើន ដែលនាំមកនូវការទទួលជោគជ័យរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥កន្លងទៅ។

ដោយឡែកខេត្តព្រះវិហារ ក៏ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តដែរ នៅក្នុងការប្តេជ្ញាចិត្តរបស់យើង គឺប្តេជ្ញាយកតំណែងមេឃុំ ចៅសង្កាត់១០០% ឥលូវយើងទទួលបាន១០០% ហើយបើប្រៀបធៀបយើងទទួលបានលេខ១ ក្នុងចំណោមខេត្តទាំង៥ដែរ។

លោកថា ការទទួលជោគជ័យរបស់គណបក្សបានបង្ហាញថា ប្រជាពលរដ្ឋទូទៅនៅត្រូវការ ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយប្រជាពលរដ្ឋនៅមានទំនុកចិត្តនិងការស្រឡាញ់គណបក្ស ស្រឡាញ់ថ្នាក់ដឹកនាំគណបក្ស ហើយលោកក៏បានថ្លែង អំណរគុណដល់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងកន្លងមកនេះ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ក្រុមការងារខេត្តចុះជួយមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែង បរិច្ចាកទាំងពេលវេលា ទាំងការងារ ទាំងធនធានផ្តាល់ខ្លួនក្នុងបុព្វហេតុគណបក្ស។

ក្នុងឱកាសអបអរសាទរខួបលើកទី៧១ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា លោក មាស សុភា បានថ្លែងបញ្ជាក់ថា៖គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលធ្វើសកម្មភាពនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង ជាអង្គការចាត់តាំងនយោបាយមួយដែលមានវត្តមានក្នុងឆាកនយោបាយរបស់កម្ពុជា ហើយគិតមកដល់ឆ្នាំនេះគណបក្សប្រជាជនកម្ពុជាគឺមានអាយុកាល៧១ឆ្នាំ ដោយបានចូលរួមរំដោះប្រទេសជាតិឱ្យរួចផុតពីរបប អណានិគមនិយាមបារាំង រហូតមកដល់សព្វថ្ងៃធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាពនិងការអភិវឌ្ឍន៍គ្រប់វិស័យ៕