(ភ្នំពេញ)៖ កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) បាននិងកំពុងឈានដល់ការអនុវត្តដំណាក់កាលទី២ ដោយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាល DEY រំពឹងទុកថា កម្មវិធីចម្បងមួយនេះនឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត។

ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក អ៉ិត សំហេង រួមជាមួយលោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៤របស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន អង្គការ ILO អង្គការ UNESCO អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) តំណាងនិយោជក និងតំណាងយុវជន រៀបចំធ្វើឡើងនៅទីស្តីការក្រសួងការងារ។

កិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖ ១.ពិនិត្យនិងអនុម័តលើសំណើការកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY ក្រោយវិបត្តិជំងឺកូវីដ-១៩, ២.ពិនិត្យនិងអនុម័តលើផែនការយុទ្ធសាស្ត្រទំនាក់ទំនងរបស់កម្មវិធី DEY និង៣.ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធីដែលជាដំណាក់កាលទី៣។

អង្គប្រជុំក៏បានធ្វើបទបង្ហាញលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY ការពិនិត្យនិងអនុម័តលើសំណើកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY ការធ្វើបទបង្ហាញ និងអនុម័តស្តីពីយុទ្ធសាស្ត្រទំនាក់ទំនងកម្មវិធី DEY និងការពិភាក្សាលើកដំបូងពីដំណាក់កាលទី៣នៃកម្មវិធីផងដែរ។

លោក អ៉ិត សំហេង បានលើកឡើងថា ដើម្បីគាំទ្រដល់ការឆ្លើយតប និងការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ កម្មវិធី DEY ដំណាក់កាលទី២ បន្តផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជំនាញធុរកិច្ច និងមុខរបរនិងការងារ និងការស្តារឡើងវិញនូវសមត្ថភាពរបស់យុវជនដែលរងផលប៉ះពាល់ដោយការរាលត្បាតនេះ រួមទាំងអ្នកដែលត្រូវបានព្យួរ ឬបញ្ឈប់ពីការងារ ក៏ដូចជាពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកមាតុភូមិវិញ។

លោក អ៉ិត សំហេង បន្តទៀតថា ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាលបន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ក្នុងការសម្រេចបានគោលដៅរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចរីភាព (SDG) ជាពិសេសគោលដៅទី៨។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ជាការពិតណាស់ ខ្ញុំចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់កាលទី៣ ព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត»

លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងថា ភាគីពាក់ព័ន្ធបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ថាត្រូវកំណត់អាទិភាពឡើងវិញលើសកម្មភាពអន្តរាគមន៍ ចំណុចការងារដែលរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅចុងក្រោយ និងលទ្ធផលរំពឹងទុកជារួមរបស់កម្មវិធី ដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គម រួមទាំងទំនាក់ទំនងនឹងតម្រូវការទីផ្សារការងារក្រោយសម័យកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យមានការអនុវត្តផែនការទៅតាមអ្វីដែលយើងបានគ្រោងទុក។

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៤នៃគណៈប្រឹក្សាភិបាលនេះ សម្រេចបាន៖
* អនុម័តលើការកំណត់អាទិភាពឡើងវិញនៃកម្មវិធីដំណាក់កាលទី២។
* អនុម័តផែនការយុទ្ធសាស្ត្រទំនាក់ទំនង។
* ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធីដែលជាដំណាក់កាលទី៣៕