(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង លើការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីគេចចេញពីប្រទេស ដែលកំណត់ជាប្រទេសប្រផេះ ក្នុងបញ្ជីនៃអង្គការហិរញ្ញវត្ថុ FATF ពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបសង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់។

កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានបញ្ជាក់ឡើងដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យ៉ាងណា យើងចាត់ទុកថា បើបញ្ជីប្រផេះនេះមិនត្រូវបានដកចេញពីកម្ពុជាទេ ធនាគាររបស់យើងនឹងមានឧបសគ្គក្នុងប្រតិបត្តិការ។ នេះហើយជាបញ្ហាដែលយើងប្ដេជ្ញារួមគ្នាដកកម្ពុជាចេញពីបញ្ជីប្រផេះ ហើយទាំងអស់គ្នាមានភារកិច្ចចូលរួម»

សម្ដេចក៏បានគូសបញ្ជាក់បន្ថែមអំពីការខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្អាតប្រាក់ដែលជាការរួមចំណែកយ៉ាងសំខាន់ដល់ការប្រឆាំងហិរញ្ញប្បទានភេវរកម្ម ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ សម្ដេចក្រឡាហោម បានអះអាងថា ការសម្រេចបានលទ្ធផលជាក់ស្ដែងស្ទើទាំងអស់ នៃទិសដៅការងារនោះ ជាការបង្ហាញអំពីការខិតខំប្រឹងប្រែងក្នុងការប្ដេជ្ញាចិត្តទាំងកម្រិតនយោបាយ កម្រិតបច្ចេកទេស នៅក្នុងការងារប្រឆាំងការសម្អាតប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

ទាក់ទងនឹងយន្តការតាមក្រសួងស្ថាប័ន ក្នុងការរួមចំណែកដោះស្រាយបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យប្រធានស្ថាប័នផ្ដល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់។

សម្ដេចបានបន្ថែមថា «នៅទីនេះ ទោះបីថាមានវត្តមាន ឬមិនមានវត្តមាន ឬមានតំណាងមកជំនួស ខ្ញុំសូមត្រឡប់ទៅវិញ គឺរាយការណ៍ជូនប្រធានស្ថាប័នជាបន្ទាន់ ដើម្បីចាត់វិធានការណ៍តាមសមត្ថកិច្ចរបស់ខ្លួន រួមចំណែកដល់ការលើកស្ទួយមុខមាត់កម្ពុជា ពិសេសការប្ដេជ្ញាចិត្តរបស់យើងចេញពីបញ្ជីប្រផេះនេះឲ្យបានដែលជាការគោលដៅ និងការប្ដេជ្ញាចិត្តរបស់យើង។ បញ្ហាមិនមែនតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនទេ វាក៏ពាក់ព័ន្ធនឹងអំពើពុរលួយ បទល្មើសព្រៃឈើ បទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការដាក់បញ្ចូលកកម្ពុជាក្នុងបញ្ជីប្រផេះនេះ»

ជាមួយគ្នានេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ បានធ្វើសេចក្ដីរាយការណ៍ឲ្យដឹងថា បន្ទាប់ពីត្រូវដាក់បញ្ជូលក្នុងបញ្ជីប្រផេះលើកទី២កាលពីដើមឆ្នាំ២០០៩ កម្ពុជាបានខិតខំអនុវត្តតាមផែនការសកម្មភាព១៤ចំណុច ដែលបានដាក់ចេញ និងបានរាយការណ៍វឌ្ឍនភាពការងារជាបន្តបន្ទាប់ និងទទួលបានការតម្លើចំណាត់ថ្នាក់ទៅលើតែលទ្ធផលជាក់ស្ដែងចំនួន៣ ក្នុងចំណោមចំណុចដែលតម្រូវឲ្យធ្វើបានយ៉ាងហោចណាស់៧ ក្នុងចំណោម១៤ចំណុច។

លោកបានគូសបញ្ជាក់ថា ដោយពិនិត្យឃើញពីភាពបន្ទាន់ និងចាំបាច់ក្នុងការបំពេញផែនការសកម្មភាពដែលសេសសល់សម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពលើកទី៩កំណត់ត្រឹមខែមេសាឆ្នាំ២០២២ ដើម្បីឈានដល់ការដកកម្ពុជាចេញពីបញ្ជីប្រផេះឲ្យបានឆាប់រហ័សនោះ សម្ដេចក្រឡាហោម ប្រធាន គ.ស.ហ បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងពង្រីកវិសាលភាពសមាសភាព គ.ស.ហ ឲ្យកាន់តែធំទូលាយ ព្រមទាំងបង្កើតអនុគណៈកម្មការ និងក្រុមការងារដើម្បីដឹកនាំ និងអនុវត្តការងារដែលនៅសេសសល់នោះ។

លោកបន្តថា ជាលទ្ធផលក្នុងជុំទី៩នេះ កម្ពុជាសម្រេចបានវឌ្ឍនភាពលើសការរំពឹងទុក ដោយក្នុងចំណោមសកម្មភាពដែលសេសសល់ចំនួន៤នោះ កម្ពុជាសម្រេចបានចំនួន៣ ពោលគឺផែនការសកម្មភាពសរុបចំនួន១៤ គិតត្រឹមជុំទី៩នេះ ហើយថាជាទិសដៅចំពោះមុខនេះ កម្ពុជា ត្រូវអនុវត្តឲ្យបានពេញលេញនូវផែនការសកម្មភាពទាំង១៤ ពិសេសសម្រេចឲ្យបាននូវសកម្មភាព១ចុងក្រោយ ពាក់ព័ន្ធនឹងការបង្កក និងការរឹបអូសផលនៃបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិមានតម្លៃស្មើ៕

សម្រាប់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រធានអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិច អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ការបង្កើតបាននូវយន្តការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័នអនុវត្តច្បាប់ និងការបង្កើតបាននូវប្រព័ន្ធការងារ និងរបៀបរបបការងារមួយច្បាស់លាស់សម្រាប់ការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័ននានានោះ គឺជាគន្លឹះដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ទាំងសម្រាប់ពេលចំពោះមុខ ទាំងសម្រាប់រយៈពេលវែងទៅថ្ងៃមុខ។

លោកអះអាងថា បន្ទាប់ពីកម្ពុជាបានដាក់របាយការណ៍ជុំទី៩ នាខែមិថុនា ឆ្នាំ២០២២នេះ មហាសន្នបាតអន្តរជាតិពាក់ព័ន្ធនឹងការងារប្រឆាំងការសម្អាតប្រាក់ បានអនុម័តលើរបាយការណ៍វឌ្ឍនភាពជុំទី៩ របស់កម្ពុជា និងបានកំណត់ជំហានបន្ទាប់ជាមួយនឹងអនុសាសន៍មួយចំនួន។ លោកថា ការធានាបាននូវនិរន្តរភាពការងារ គឺជាចំណុចគន្លឹះ និងជាបេសកម្មចំបងរបស់អនុគណៈកម្មការ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្ដោតជាពិសេសលើគុណភាព និងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់សំដៅរួមចំណែកដល់ការប្រឆាំងការធ្វើភេវរកម្ម និងការប្រឆាំងការធ្វើហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល័យ៕