(ភ្នំពេញ)៖ ស្រ្តីរូបស្រស់ម្នាក់ត្រូវបានចោរ ជិះម៉ូតូ១គ្រឿងដេញតាមធ្វើសកម្មភាព ឆក់កកាបូបយកទៅបាត់ ដែលនៅក្នុងកាបូបនោះ ​មានលិខិតឆ្លងដែន និងលុយប្រមាណ១០ម៉ឺនបាត ជា ហេតុធ្វើឲ្យនាង​ខកខាន មិនបានឡើងយន្តហោះ​ធ្វើដំណើរទៅ​កាន់ប្រទេសថៃឡើយ។

ហេតុការណ៍ខាងលើនេះបាន​កើតឡើង ខណៈនាង​រួមនិងសាច់ញាតិកំពុងជិះម៉ូតូកង់បី ១គ្រឿង ធ្វើដំណើរពីខណ្ឌទួលគោក ឆ្ពោះទៅកាន់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ដើម្បីឡើងជិះយន្តហោះ ទៅប្រទេសថៃនោះ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុប ច្រកចូលអាកាសយានដ្ឋានអន្តរ ជាតិភ្នំពេញ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ស្រ្តីរងគ្រោះម្នាក់នោះឈ្មោះ ឈីង ធីតា អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងក្រុងប៉ាយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនៅក្នុងកាបូប របស់នាងដែលត្រូវ ចោរឆក់យកទៅបាត់នោះ មានលុយជាង ១០០,០០០បាត(ជាង១០ម៉ឺនបាត) ទូរស័ព្ទ១គ្រឿង, និងលិខិតឆ្លងដែន,ព្រមទាំងឯកសារផ្សេងៗទៀត ផងដែរ។

​ចំណែកជនសង្ស័យជាចោរ មានតែម្នាក់ឯងជិះម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៏ខ្មៅមិន ចាំស្លាកលេខ។ នគរបាលបាននិយាយថា ជននេះគឺជាមុខសញ្ញាចោរឆក់ កាបូបភ្ញៀវដែលធ្វើដំណើរតាម អាតុកៗទៅឡើងយន្តហោះបែបនេះ បានសម្រេចច្រើនលើកមកហើយ និងមានសំណាងបានរត់គេចខ្លួនរួ រហូតទៀតផង។

ស្រ្តីរងគ្រោះ បាននិយាយថា នាងបានមកលេងបងប្អូននៅក្នុងខណ្ឌទួលគោក មានរយៈពេល ៤-៥ ថ្ងៃកន្លងមកហើយ ។ នៅមុនពេលកើតហើតុនាងបាន ជិះអាតុកៗធ្វើដំណើរចេញពីផ្ទះបងប្អូន ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដើម្បីចាកចេញទៅកាន់ប្រទេសថៃ។

ពេលធ្វើដំណើរ ក៏មានបងប្អូនធ្វើដំណើរជាមួយផងដែរ ហើយនាងបានទុកកាបូបនៅក្រោមជើង មិនហ៊ានស្ពាយឬកាន់ក្នុងដៃទេ ព្រោះខ្លាចចោរឆក់ លុះពេលទៅ ដល់ត្រង់ចំណុចភ្លើងស្តុប ច្រកចូល អាកាសយានដ្ឋាន បានឈប់ព្រោះភ្លើងស្តុបក្រហមមិនអាចបន្តដំណើរបាន។ គ្រាន់តែឈប់ភ្លាមស្រាប់តែមាន ជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ពណ៏ខ្មៅទៅឈប់ជិត និងបានធ្វើ សកម្មភាពឆក់កាបូប បានសម្រេចរួចបានជិះម៉ូតូ យ៉ាងលឿនគេចខ្លួនបាត់ស្រមោល ។

ខណៈនោះនាងបានត្រឹមតែស្រែកថាចោរៗប៉ុណ្ណោះ មិនអាចធ្វើអ្វីកើត ទេ ហើយក៏ខកខានមិនបានធ្វើដំណើរទៅកាន់ប្រទេសថៃឡើយ ព្រោះនៅក្នុងកាបូបនោះ ក្រៅពីលុយជាង ១០ម៉ឺនបាត ក៏មាន លិខិត ឆ្លងដែនផងដែរ ៕