(ម៉ាឡេស៊ី)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញទៅពិនិត្យមើលទីបញ្ចុះសព លោក ហ្សាការីយ៉ា អាដាម អតីតរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អតីតចាងហ្វាងរង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា អនុប្រធានមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងថា ដោយសារពេលនោះស្ថានភាពនៅប្រទេសម៉ាឡេស៊ី កំពុងបិទខ្ទប់ ហើយស្ថានភាពកូវីដ-១៩ នៅកម្ពុជាក៏កំពុងមានការកើនឡើង ដែលបានធ្វេីឲ្យលោកពុំមានឱកាសចូលរួមបញ្ចុះសពលោក ហ្សាការីយ៉ា អាដាម ដែលជាសហការី និងជាមិត្តភក្តិ ដេីម្បីជាការផ្តល់នូវការគោរពក្នុងឋានៈលោក ជាមេរបស់គាត់។

សូមជម្រាបថា ថ្ងៃនេះជាថ្ងៃទីមួយដែល លោកបណ្ឌិត អូស្មាន ហាស្សាន់ បានមកបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ហើយលោកបានដាក់កម្មវិធីទីមួយផងដែរ ដើម្បីមកកាន់ទីផ្នូររបស់ លោក ហ្សាការីយ៉ា អាដាម។

លោក ហ្សាការីយ៉ា អាដាម ជាវីរជនសម្រាប់សាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រទេសជាតិទាំងមូល ដែលលោកបានបន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់សហគមន៍ឥស្លាមកម្ពុជា និងសង្គមជាតិ ដែលជាមោទនភាពមិនអាចបំភ្លេចបាន។ លោកក៏ជាអ្នកបកប្រែគម្ពីរអាល់គួរអានពីភាសាអារ៉ាប់ មកភាសាខ្មែរ និងជាអ្នកចងក្រងវចនានុក្រមម៉ាឡេ-ខ្មែរ ហើយក៏ត្រូវបានវិទ្យាស្ថានភាសាប្រទេសម៉ាឡេស៊ី ទទួលស្គាល់ជាផ្លូវការដែលលោកបានប្រើពេលអស់ជិត២០ឆ្នាំ។

លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ថ្ងៃនេះ លោកនឹងជួបវិទ្យាស្ថានភាសាម៉ាឡេស៊ី ដើម្បីទទួលយកវចនានុក្រមម៉ាឡេ-ខ្មែរ ដែលជាមរតករបស់ លោក ហ្សាការីយ៉ា អាដាម សម្រាប់សហគមន៍ខ្មែរឥស្លាម ហើយក៏ជាមរតករបស់សង្គមជាតិផងដែរ៕