(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៣៥៥គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ២៦៦គ្រឿង និងរថយន្ត ៨៩គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី២៩ ខែមិថុនា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨៨,៥២៣គ្រឿង ក្នុងនោះមានម៉ូតូ ៦៩,៩០៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៨,៦១៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក និងអត់ស្លាកលេខ។ ដោយឡែករថយន្តល្បឿន ខ្សែក្រវ៉ាត់ ស្រវឹង ឆៀក អត់ប័ណ្ណបើកបរ អាជីវកម្ម និងទូរស័ព្ទជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៧នាក់ របួស ១៣នាក់ (របួសធ្ងន់ ១០នាក់)។ រយៈពេល១៩០ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៦០៣លើក បណ្ដាលឱ្យមនុស្សស្លាប់ ៩៣៩នាក់ របួស ២,២២៧នាក់ (របួសធ្ងន់ ១,៤២២នាក់)៕