(ភ្នំពេញ)៖ នៅសម័យបច្ចេកវិទ្យាជឿនលឿន ប្រព័ន្ធអនឡាញ បានដើរតួនាទីយ៉ាងសំខាន់លើវិស័យនានា ក្នុងនោះវិស័យអប់រំក៏ប្រព័ន្ធអនឡាញ ត្រូវបានប្រើប្រាស់ផងដែរ ជាពិសេសអំឡុងពេលជំងឺកកូវីដ១៩ វាយលុកពិភពលោក។

នៅកម្ពុជា ការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការអប់រំ ក៏ត្រូវបានគេសង្កេតឃើញថា មានការកើនឡើងគួរឲ្យកត់សម្គាល់ សូម្បីតែនៅពេលជំងឺកូវីដ១៩ មានស្ថានភាពធូរស្បើយខ្លាំង ហើយប្រទេសទាំងមូល ត្រូវបានបើកដំណើរការឡើងវិញក៏ដោយ។

ទោះជាយ៉ាងនេះក្តី លោក គួច ម៉េងលី អ្នកជំនាញលើវិស័យអប់រំ បានលើកឡើងថា ការបង្រៀនតាមអនឡាញ គឺជាមធ្យោបាយល្អមែន តែគេមិនអាចយកវាទៅប្រើប្រាស់ ដើម្បីបង្រៀនគ្រប់មុខវិជ្ជានោះទេ។

លោកថ្លែងថា គេអាចប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីបង្រៀនលើមុខជំនាញទន់ (Soft Skill) តែប៉ុណ្ណោះ ពោលគឺមិនអាចយកទៅប្រើប្រាស់ ដើម្បីបង្រៀនមុខជំនាញរឹង (Hard Skill) បានឡើយ ព្រោះជំនាញរឹងទាមទារការហ្វឹកហ្វឺន ការស្រាវជ្រាវ ការធ្វើតេស្ត និងការអនុវត្តជាដើម។

ថ្លែងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសមជ្ឈមណ្ឌលភាសា អេ អាយ អាយ សម្ពោធកម្មវិធីសិក្សា i-Learn Home-based លោក គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបញ្ជាក់យ៉ាងដូច្នេះថា «អនឡាញត្រូវបានប្រើប្រាស់សម្រាប់បង្រៀន តែមុខវិជ្ជាមួយចំនួនប៉ុណ្ណោះ។ មានសាលាខ្លះ យកកម្មវិធីនេះទៅបន្លំកម្មវិធីគេអស់ ធ្វើឲ្យមនុស្សខ្ជិល ធ្វើឲ្យមនុស្សអត់ចេះ»

លោក គួច ម៉េងលី បានបន្តថា ទោះបីជាជំនាញទន់អាចបង្រៀនតាមអនឡាញក្តី ក៏គេតម្រូវឲ្យមកក្នុងថ្នាក់ដែរ ពោលគេមិនអាចបង្រៀនជំនាញនេះ ១០០ភាគរយ ដោយប្រើប្រាស់ប្រព័ន្ធអនឡាញបានឡើយ។ ការបង្រៀនតែតាមប្រព័ន្ធអនឡាញទាំងស្រុង វាអាចនឹងធ្វើឲ្យអ្នកសិក្សាខ្ជិល ហើយការទទួលចំណេះដឹងបានតិចទៀតផង។

ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្រោមការដឹកនាំរបស់ ម៉េងលី ជេ. គួច អេឌ្យូខេសិន របស់លោក គួច ម៉េងលី ដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីសិក្សា i-Learn English ដែលជាកម្មវិធីសិក្សាអនឡាញថ្មីមួយនេះ ត្រូវបានលោកពន្យល់ថា សាលាមានការគិតគូរច្បាស់លាស់ចំពោះវិធីសាស្ត្របង្រៀនតាមអនឡាញនេះ ដើម្បីធានាបាននូវគុណភាពអប់រំ ខណៈអ្នកសិក្សាអាចរៀនបានគ្រប់ទីកន្លែង។

«ក្នុងថ្នាក់របស់កម្មវិធី i-Learn English ដាក់សិស្សតែ ២ទៅ៦នាក់ប៉ុណ្ណោះ»។ នេះជាការអះអាងរបស់លោក គួច ម៉េងលី ដើម្បីបញ្ជាក់ថា ការដាក់សិស្សតិចបែបនេះ ធ្វើឲ្យគ្រូបង្រៀនមានលទ្ធភាពតាមដានសិស្សដិតដល់ ហើយមានអន្តរកម្មរវាងគ្រូនិងសិស្សខ្លាំង ធ្វើឲ្យការបង្រៀនមានប្រសិទ្ធភាពខ្លាំង ជាងការបង្រៀនផ្ទាល់ទៅទៀត។

លោកបន្ថែមថា លោកឲ្យគ្រឹះស្ថានអប់រំរបស់លោក ប្រើប្រាស់កម្មវិធីនេះសម្រាប់តែភាសាអង់គ្លេសប៉ុណ្ណោះ ដោយសារវាស្ថិតក្នុងជំនាញទន់។ លោកបន្តទៀតថា បើឲ្យប្រើប្រាស់ប្រព័ន្ធអនឡាញ ក្នុងការបង្រៀនសិស្សចាប់ពី ២០នាក់ឡើងទៅ អ្នករៀនមិនទទួលបានចំណេះដឹងទេ។

ជំនាញក្នុងវិស័យអប់រំរូបនេះ បានថ្លែងដែរថា ប្រព័ន្ធអនឡាញមានសារៈសំខាន់ណាស់ ក្នុងការលើកស្ទួយវិស័យអប់រំ តែបើគេយកវាទៅប្រើប្រាស់ខុស វាក៏នឹងធ្វើឲ្យវិស័យនេះចុះខ្សោយទៅវិញ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា ការរៀននិងបង្រៀនអនឡាញ អាចជំនួសការរៀននិងបង្រៀនផ្ទាល់នៅក្នុងថ្នាក់ បានផង និងមិនបានផង អាស្រ័យលើបរិបទពាក់ព័ន្ធ។ បរិបទជាកត្តាសំខាន់ ក្នុងការពន្យល់ទំនាក់ទំនងរវាងការរៀននិងបង្រៀនអនឡាញ និងការរៀននិងបង្រៀនផ្ទាល់នៅក្នុងថ្នាក់។

បរិបទមុនកូវីដ-១៩ នៅក្នុងពិភពលោក ការរៀននិងបង្រៀនតាមអនឡាញ គឺជាការបំពេញតម្លៃបន្ថែមឲ្យការរៀននិងបង្រៀននៅក្នុងថ្នាក់ផ្ទាល់តាមទម្រង់Blended Learning គឺការរៀនតាមបែបចម្រុះ។

សម្រាប់កម្រិតចំណេះទូទៅ ការរៀននិងបង្រៀនអនឡាញត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្លៃបន្ថែមឱ្យការរៀននិងបង្រៀនផ្ទាល់នៅក្នុងថ្នាក់ ដោយមិនគួរអាចកាត់ផ្ដាច់គ្នាបាន អាស្រ័យលើអាទិភាវូបនីយកម្មនៃប្រទេសនីមួយៗ។

លោកបន្តថា «ជាទូទៅ ការអប់រំជាការលើកកម្ពស់សមត្ថភាពអ្នកសិក្សាផ្នែកចំណេះដឹង កាយ និងចិត្ត។ ការរៀននិងបង្រៀននៅក្នុងថ្នាក់ផ្ទាល់អាចជួយឲ្យអ្នកសិក្សាពង្រឹងចំណេះដឹង កាយ និងចិត្ត ដែលមិនគួរអាចទទួលបានលទ្ធផលដូចគ្នាប្រសិនបើជាការរៀននិងបង្រៀនអនឡាញ។ ជាក់ស្ដែង សម្រាប់កម្រិតមតេ្តយ្យសិក្សា កុមារលូតលាស់ប្រាជ្ញាស្មារតីដោយអនុវត្តន៍ការប្រាស្រ័យទាក់ទងរវាងមនុស្សនិងមនុស្សនៅក្នុងថ្នាក់ផ្ទាល់ ដែលជាមូលដ្ឋានគ្រឹះឱ្យកុមាររីកលូតលាស់ ហើយអាចសម្របខ្លួនចូលទៅក្នុងសង្គមរស់នៅ និងសង្គមការងារ»

សម្រាប់កម្រិតឧត្ដមសិក្សានិងក្រោយឧត្តមសិក្សា ក៏ដូចជាវគ្គបណ្តុះបណ្តាល ការរៀនបង្រៀនអនឡាញសម្រាប់មុខជំនាញខ្លះ គឺត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្លៃបន្ថែមឲ្យការរៀនផ្ទាល់ដូចនៅកម្រិតមធ្យមសិក្សាដែរ។ សម្រាប់មុខជំនាញខ្លះទៀត ការរៀនអនឡាញអាចប្រព្រឹត្តទៅបាន១០០% អាស្រ័យលើបរិបទសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា នៃប្រទេសនីមួយៗក្នុងការផ្ដល់សេវាអប់រំ។

លោកបន្ថែមថា បរិបទកូវីដ-១៩ នៅក្នុងពិភពលោក ការរៀននិងបង្រៀនតាមអនឡាញត្រូវបានប្រើប្រាស់ ១០០% ជំនួសការរៀនផ្ទាល់នៅក្នុងថ្នាក់ អាស្រ័យលើកម្រិតហានិភ័យនៃការឆ្លងកូវីដ-១៩ និងបរិបទសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យានៃប្រទេសនីមួយៗក្នុងការផ្ដល់សេវាអប់រំ។ នៅពេលស្ថានភាពកូវីដ-១៩បានធូរស្រាល ការរៀនអនឡាញគួរត្រូវបានប្រើប្រាស់ដើម្បីបំពេញតម្លៃបន្ថែមដល់ការរៀនផ្ទាល់នៅក្នុងថ្នាក់។ អ្នកផ្ដល់សេវាអប់រំ គួរបន្តផ្ដល់សេវាអប់រំប្រកបដោយភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ដើម្បីឆ្លើយតបចំពោះតម្រូវការរៀននិងបង្រៀនតាមទិដ្ឋភាពជាក់ស្តែង៕