(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជាង៧០នាក់ បានបន្តមកប្រមូលផ្តុំគ្នាធ្វើបាតុកម្មខុសច្បាប់នៅកណ្តាលមហាវិថីសម្តេចសុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពីមុខចំណុចផ្សារទំនើបអីអន១ មកដល់ស្តុបនាគបាញ់ទឹក។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ លើកនេះក្រុមបាតុករបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាលភ្ជាប់នូវពាក្យស្លោកដូចៗគ្នាថា «កុំយកលុយ ទិញសិទ្ធិ» ដែលនេះបង្ហាញថា ក្រុមនេះបានត្រៀមលក្ខណៈរួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុនរបស់មនុស្សមួយក្តាប់តូចដើម្បីបង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច និងបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈរហូតឈានដល់ការប្រើអំពើហិង្សាមកលើសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចមួយចំនួនរងរបួសស្រាលព្រមទាំងបាត់បង់វិទ្យុទាក់ទងចំនួន ០៥គ្រឿង និងនាឡិកាដៃចំនួន ០១គ្រឿងផងដែរ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីជូនដំណឹងជាច្រើនលើកច្រើនសារមិនអនុញ្ញាតឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមូលផ្តុំគ្នាធ្វើ បាតុកម្មខុសច្បាប់នៅតាមដង ផ្លូវសាធារណៈ ចិញ្ចើមផ្លូវ សួនច្បារសាធារណៈ និងទីសាធារណៈផ្សេងទៀត ហើយក៏បានប្រើប្រាស់វិធានការអប់រំជាបន្តបន្ទាប់ទៅលើក្រុមបាតុករដើម្បីបញ្ឈប់នូវសកម្មភាពខុសច្បាប់បន្តទៀត។

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករ ក្នុងករណីមានបំណងធ្វើការសម្តែងមតិជាសាធារណៈ ត្រូវអនុវត្តតាមនីតិវិធីដែលមានចែងក្នុង ច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ដោយត្រូវជូនដំណឹងជាលាយ លក្ខណ៍ អក្សរមកអាជ្ញាធររាជធានីភ្នំពេញ និងគោរពតាមការណែនាំផ្សេងៗ ព្រមទាំងធ្វើសកម្មភាពសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ។

បន្ថែមពីនេះទៀតក្រុមបាតុករមិនត្រូវប្រើប្រាស់ដងផ្លូវសាធារណៈសម្រាប់ធ្វើការជួបជុំគ្នា ប្រមូលផ្តុំ ឬដង្ហែរក្បួនដោយខុសច្បាប់ ហើយមិនត្រូវធ្វើការបិទផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ ពិសេសប៉ះពាល់
ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបង្កការកកស្ទះចរាចរណ៍ ព្រមទាំងបង្កការរំខានដល់ការប្រកបរបរអាជីវកម្ម កិច្ចការប្រចាំថ្ងៃ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដទៃទៀត៕