(ភ្នំពេញ)៖ លោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកនិពន្ធសៀវភៅដ៏ល្បីម្នាក់ផង នៅសប្តាហ៍នេះ បានចេញសៀវភៅថ្មីមួយមានចំណងជើងថា «កូនប្រុសច្បងនាយករដ្ឋមន្រ្តី - ដំណើរឆ្ពោះទៅបន្តវេន - ហ៊ុន ម៉ាណែត» ដែលផ្តោតលើប្រវត្តិសកម្មភាពរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តី។

លោក ឆាយ សុផល បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា សៀវភៅនេះបានបង្ហាញពីប្រវត្តិផ្ទាល់ខ្លួនពិស្តារបន្ថែម និងសកម្មភាពការងារចាស់ថ្មី ទាំងក្នុងវិស័យអាណាចក្រ និងសាសនាចក្រ។

លោកបន្តថា ដោយប្រមូលនិងសន្សំឯកសារទុកជាច្រើនឆ្នាំ និងដោយមានការអនុញ្ញាត ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការផ្តល់ព័ត៌មានបន្ថែមពីសម្តេចផង លោកក៏បានចេញផ្សាយសៀវភៅនេះឡើង ដើម្បីទុកជាឯកសារជំនួយស្មារតីស្តីពីប្រវត្តិលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រៀមខ្លួនធ្វើជាប្រមុខរដ្ឋាភិបាលទៅថ្ងៃអនាគត។

នៅក្នុងសៀវភៅដែលមានជាង ៣០០ទំព័រ លោក ឆាយ សុផល បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដោយសម្តេចបញ្ជាក់ថា ម៉ាណែត បានធ្វើកិច្ចការច្រើន និងហត់ណាស់ ព្រោះ ម៉ាណែត បានបំពេញកិច្ចការយ៉ាងច្រើនជំនួសសម្តេចទាំងក្នុងវិស័យអាណាចក្រនិងពុទ្ធចក្រ ហើយសូម្បីតែគោលនយោបាយបឹងទន្លេសាបនាពេលកន្លងមក ថ្មីៗនេះ ក៏ម៉ាណែត បានជួយ សម្តេច ផងដែរ។

សម្តេចតេជោ ក៏បានលើកឡើងពីចរិតដូចគ្នា និងខុសគ្នាមួយចំនួនរវាង សម្តេច និង ម៉ាណែត ផងដែរក្នុងការដឹកនាំ។ នេះបើតាមការអះអាងរបស់អ្នកនិពន្ធ ឆាយ សុផល។

សៀវភៅក៏បានដកស្រង់ប្រសាសន៍លោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរស្តីពីប្រវត្តិនិងអារម្មណ៍ផ្ទាល់ខ្លួន ក្រោយពីបានក្លាយជាបេក្ខជននាយករដ្ឋមន្រ្តី និងការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីបំពេញកិច្ចការដ៏ធំធេងនាពេលខាងមុខ។

ទាក់ទិននឹងសំបុត្រសម្ងាត់របស់ ម៉ាណែត ដែលបានផ្ញើឱ្យពុកម៉ែកាលពីឆ្នាំ១៩៩៤ ខណៈកំពុងរៀននៅអាម៉េរិក ហើយត្រូវបានសម្តេចតេជោ បង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គឺម៉ាណែត សរសេរថា ខ្លួនចង់ធ្វើជាអ្នកបើកយន្តហោះ ហើយមូលហេតុដែលនាំឱ្យ ម៉ាណែត ចង់បើកយន្តហោះ គឺមានការពិពណ៌នានៅក្នុងសៀវភៅនោះដែរ ហើយថាតើលោកឪពុកនិងអ្នកម្តាយមានអារម្មណ៍បែបណា នៅពេលកូនប្រុសប្រាប់ពីរឿងនេះ។

គួរបញ្ជាក់ថា សៀវភៅនេះត្រូវបានបោះពុម្ពចំនួន២ម៉ឺនច្បាប់ ដោយមានដាក់នៅតាមបណ្ណាល័យខ្លះ និងបណ្ណាគារខ្លះ ព្រមទាំងចែកជូនសាកលវិទ្យាល័យមួយចំនួន និងយុវជន និស្សិតនៅរាជធានី-ខេត្ត ដើម្បីស្វែងយល់ពីអ្នកបន្តវេន។

លោក ឆាយ សុផល ក៏បានថ្លែងអំណរគុណចំពេះសម្តេតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ដែលបានគាំទ្រឱ្យមានសៀវភៅនេះឡើង។

លោក សុផល បន្តថា ការចេញសៀវភៅនេះក៏ដើម្បីអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) និងថ្ងៃកំណើតគម្រប់៤៥ឆ្នាំ ឈានចូល៤៦ឆ្នាំ របស់លោកបណ្ឌិត ហ៊ុន ម៉ាណេត ដែលត្រូវនឹងថ្ងៃទី២០ ខែតុលា ខាងមុខ៕